តារា​សម្ដែង ពៅ ពិសិដ្ឋ បង្ហាញមុខ​ជាពិធី​ករ​នៅក្នុង​កម្មវិធី​របស់ស្ថានីយ៏​ទូរទស្សន៏​ធំមួយ​

មហាជនឃើញស្ថានីយ៏ទូរទស្សន៏ហង្សមាស ជាកន្លែងមួយប្រជុំទៅដោយបុគ្គល បំពេញការងារមានសមត្ថភាពរៀងៗខ្លួន។ ម្ល៉ោះ​ហើយ​នៅ​ពេល​ឃើញតារារូបណាមានឱកាសហក់ចូលគឺ រមែងសរសើរ ហើយប្រាកដជាបានល្បីឈ្មោះ។ ជាក់ស្តែង ពៅ ពិសិដ្ឋ តារាប្រុស​កំពុង​ល្បី​ឈ្មោះ​ស្រាប់​តែបង្ហាញតួនាទី ជាពិធីករក្នុងតន្ត្រីផ្សាយផ្ទាល់យ៉ាងក្រឡឺម បង្កអោយចាប់អារម្មណ៏។


ខុសពីពិធីករចំណូលថ្មី នៅក្នុងទ្រនំធំដូចជាហង្សមាសជាដើម ដែលត្រូវបានថ្នាក់ដឹកនាំប្រគល់កម្មវិធីអោយចេញមុខរបៀបស្ទាបស្ទង់ សម្រាប់​ពិធីករហង្សមាសថ្មីស្រឡាង លោក ពៅ ពិសិដ្ឋ ប្អូនប្រុសតារាសម្ដែង កញ្ញា ពៅ លីដា បែរជាត្រូវ​បានហង្សមាស​ដាក់អោយ​ចេញមុខ​ក្នុងកម្មវិធី​ធំៗប្រចាំ​ស្ថាប័នតែម្ដង។ លោកត្រូវគេឃើញលេចមុខជាពិធីករ ជាមួយពិធីករ និងពិធីការិនីចាស់វស្សា និងក្ដោបក្ដាប់​មិនក្រោម​៤កម្មវិធីនោះ​ឡើយ ក្នុងមួយសប្ដាហ៍ ដែលនេះគឺជាតួលេខចេញមុខមិនធម្មតា សម្រាប់ពិធីករចំណូលថ្មីរបស់ហង្សមាស ខណៈដែល​លោកគ្រាន់​តែជាតារា​សម្ដែង មិនមែនជាពិធីករអាជីព។


២ខែចុងក្រោយ តារាសម្ដែង លោក ពៅ ពិសិដ្ឋ លេចមុខយ៉ាងសកម្មក្នុងតំណែងជាពិធីករថ្មីប្រចាំហង្សមាស។ កម្មវិធីដែលលោកចេញមុខ សុទ្ធតែជាកម្មវិធីបន្តផ្ទាល់ និងជាកម្មវិធីដែលចាប់ដៃគូជាតារាល្បីៗ ដូចជា អ្នកនាង គង់ សុជាតិ លោក ជា វិបុល អ្នកនាង ច័ន្ទ កែវនិមល លោក សុខ រ៉ាស៊ី កញ្ញា ថន លក្ខិណា លោក នាង វ៉ាងសាន់ និង កញ្ញា ប៉ែន ស្រីពេជ្រ។ វត្តមានរបស់លោកនៅហង្សមាស គឺជាការឈានឡើង​ថែមមួយ​កម្រិត​ទៀត នៅក្នុងអាជីពជាតារាសិល្បៈរូបនេះ បន្ទាប់ពៅបានក្លាយជាតារាឡើងកូដនៅក្នុងអាជីពជាតារាសម្ដែង និងដើរម៉ូដែល។ អ្វីដែលគួរ​អោយកត់សម្គាល់ គឺលោក ពៅ ពិសិដ្ឋ មិនធ្លាប់ធ្វើអោយមហាជនចាប់អារម្មណ៍ថា ពូកែអត្ថាធិប្បាយនោះទេ ប៉ុន្តែនៅពេលឡើងឆាកបន្តផ្ទាល់ នៅពេលកាន់ក្បាលមេក្រូ ប៉ះជាពិធីករ ពិធីការិនីឆ្នើមៗ លោកបែរជានិយាយបានល្អ ហើយទាក់ទាញ។ ទេពកោសល្យរស់រវើក ព្រមជាមួយ​នឹង​រូបរាងដ៏សង្ហារផង កាន់តែធ្វើអោយ លោក ពៅ ពិសិដ្ឋ លេចធ្លោ ក្នុងរយៈពេលចុងក្រោយ នៅហង្សមាស។

ប្រភពពីទូរទស្សន៍ហង្សមាស បញ្ជាក់ថា លោកពៅ ពិសិដ្ឋ ត្រូវបានថ្នាក់ដឹកនាំ និងម្ចាស់ស្ពុនស័រ ពេញចិត្តទេពកោសល្យ ក្នុងការអត្ថាធិប្បាយ​កម្មវិធីដែលលោកចេញមុខកន្លងមកយ៉ាងខ្លាំង ដោយហង្សមាសនឹងគ្រោងផ្ដល់កម្មវិធីអោយលោកចេញមុខ កាន់តែច្រើនទៀតនោះផង។ អ៊ីចឹង​ហើយទើបតារារូបនេះ កាន់តែមានការកោតសរសើរថា ពិតជាជោគជ័យមិនគួរជឿក្នុងឆ្នាំ២០២០នេះ ដោយសារតែក្នុងការសម្ដែង គឺបានឡើង​តំណែងជាតួឯក ដោយរកតែកម្លាំងទទួលការងារមិនបានហើយ ស្រាប់តែមកលេចធ្លោក្នុងអាជីពថ្មី គឺពិធីកររបស់ហង្សមាសបែបនេះទៀត។ យ៉ាងណាមិញ លោក ពៅ ពិសិដ្ឋ ធ្លាប់បានប្រកាសថា លោកមិនចោលការសម្ដែង និង ដើរម៉ូដនោះទេ បើទោះជាលោកជោគជ័យ​ខ្លាំងក្នុង​អាជីព​​ថ្មីនៅហង្សមាស។ លោកក៏ត្រូវបានគេបង្ហើបថា នឹងមានឱកាសសម្ដែងជាតួឯកក្នុងរឿងភាគថ្មីរបស់ហង្សមាសផងដែរ បន្ទាប់ពីចូលកាន់​តំណែងជាពិធីករហង្សមាសបែបនេះ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង