តារាចម្រៀង បញ្ញា សិទ្ឋិ បានវិលមកបង្កើតក្រុមចម្រៀងជាថ្មីម្តងទៀត ដែលមានឈ្មោះថា BS Boy Band ដោយអះអាងថានឹងរំលេចស្ទីលថ្មីប្លែកៗ រំពឹងថានឹងអាចទាក់ទស្សនិកជនម្តងទៀត។ ការបង្កើតក្រុមចម្រៀងថ្មីនេះ បញ្ញា សិទ្ឋិ ត្រៀមបង្ហាញបទចម្រៀងមួយអាលប៊ុម ជាមួយក្រុមចម្រៀងដែលលោកទើបបង្កើតឡើងសារជាថ្មី មានចំនួន១០បទ ។ ចម្រៀងទាំងបទនោះ លោកចាត់ជាកាដូសំរាប់ទស្សនិកជននៅពាក់កណ្តាល ឆ្នាំ២០២០ ។

បញ្ញា សិទ្ឋិ មានឈ្មោះក្នុងសិល្បៈច្រើនឆ្នាំមកហើយ តែលោកនៅតែទទួលបានប្រជាប្រិយភាពក្នុងនិងក្រៅប្រទេស។ លោកមិនត្រឹម តែនៅមានការពេញនិយម លើឆាកតន្ត្រីនោះទេ សូម្បីការថតភាពយន្ត ក៏លោកនៅតែហក់ឡើងក្តោបទីផ្សារផលិតករមិនរំលង។

គួរបញ្ជាក់ថា ក្រុមចម្រៀង BS Boy Band មានសមាជិកក្រុមចំនួន៤នាក់ រួមមាន លោក បញ្ញា សិទ្ធ តារាសម្ដែង ដែលត្រូវបានគេស្គាល់ថាគឺ ម្ចាស់ពានឈុតបុរាណលេខ២ របស់គ្រួសារតារាកម្ពុជា កាលពីឆ្នាំ២០១៩ លោក ត្រា យ៉ាកូ តារាសម្ដែងមួយរូប លោក រុន ណាកូ ពិធីករផ្ទះតារា ធីវី ដែលត្រូវបានគេស្គាល់ថាគឺជាម្ចាស់ពានលេខ១ ក្នុងចំណោមម្ចាស់ពានឈុតបុរាណជាច្រើនរូប កាលពីឆ្នាំ២០១៨, និង លោក រិទ្ធី ស័ក្ត តារាសម្ដែងមួយរូបក្នុងក្រុមក្លាសុិក។៕
