បវរកញ្ញាឯក Miss Planet International 2019 កញ្ញា Monique best មកពីប្រទេសអាហ្វ្រិកខាងត្បូង បានមកដល់កម្ពុជា កាលពីយប់ថ្ងៃទី៨ មករា ឆ្នាំ២០២០ ។ បវរកញ្ញាសម្រស់ដ៏ស្រស់សោភា ព្រមទាំងស្នាមញញឹមគួរអោយចូលចិត្ត រូបនេះ មានទឹកចិត្តប៉ងប្រាថ្នា មកប្រទេសកម្ពុជាយូរមកហើយ ដោយពេលនេះបានសម្រេចបំណង បន្ទាប់ពីមានផែនការជាច្រើន ដែលអ្នករៀបចំគ្រោងទុក។
ខណៈពេលមកដល់កម្ពុជារបស់បវរកញ្ញារូបនេះ គេឃើញមានវត្តមាន អ្នកស្រី ស កេសរ៉ា និងស្វាមី លោកហ៊ុន សុផា ជំនួយការអមទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានទីផ្សារសម្រាប់ផ្នែកបវរកញ្ញា វេជ្ជ ទីវ វីរៈ Le Premier Healthcare ។
កញ្ញា Monique best បានអោយដឹងថា កញ្ញាមកដល់ប្រទេសកម្ពុជាគឺជា អារម្មណ៏មួយចង់មកចូលរួមយូរមកហើយ ទើបតែមានពេលវេលាសមស្រប។ កញ្ញាមកកាន់ប្រទេសកម្ពុជារយៈពេល១ខែ ដើម្បីបំពេញបេសកម្មជាច្រើន ដូចជាផ្សព្វផ្សាយបរិស្ថាន ទេសចរណ៏ និង ការចូលរួមបង្ហាញវត្តមាន និងបទពិសោធន៏ ស្តីពីការប្រកួតMiss Planet International 2020 ដែលធ្វើឡើងនៅខែមេសា ឆ្នាំ២០២០ខាងមុខនេះ។
កញ្ញា បន្តថា ក្រោយជាប់ជាបវរកញ្ញាមក គឺបានចូលរួមកម្មវិធីជាច្រើនដូចជាផ្សាយពីកិច្ចការពារបរិស្ថាន ចូលរួមលើកទឹកចិត្តកុមារកំព្រា ជាដើម។ លើសពីនេះ កញ្ញានឹងចូលរួមកម្មវិធី សន្និសីទសារព័ត៌មានធ្វើនៅកម្ពុជា ស្តីពីការប្រឡងជាលក្ខណៈអន្តរជាតិ ដែលមាន៧៥ប្រទេស ហើយកម្ពុជាជាអ្នករៀបចំ មានរូបកញ្ញាក៏ចូលរួមបំផុសផងដែរ។
កញ្ញា ក៏បានបង្ហាញអារម្មណ៏ថា បើមានពេលវេលាល្អ លើកនេះនឹងទៅកម្សាន្តនាខេត្តសៀមរាប ពិសេសតំបន់ប្រាសាទអង្គរវត្ត ព្រោះកញ្ញាស្រឡាញ់ទីនោះខ្លាំងណាស់៕