កត្តាអ្វីដែលបណ្តាលអោយ ថៅកែម្នាក់ចេញចម្រៀង បង្ហាញរឿងផិតក្បត់គ្រួសារ

  • ចម្រៀងមួយបទ កំពុងតែមានការទាក់ចិត្ត ប្រិយមិត្តតែម្តង ដោយសារតែអត្ថន័យ បានចាក់ដោតចំចិត្តអ្នកទស្សនា។ ចម្រៀង​នោះ​ក្រើនរំ​លឹក​នូវ​ជីវិត​ស្នេហាផិតក្បត់ ដែលកើតមានពិត​នៅក្នុងសង្គម​គ្រួសារមួយ។ ជាពិសេស​វាក៏ជាកត្តាជួយរំលឹកដល់​ជីវិតប្តីប្រពន្ឋទាំងឡាយ គួរ​ចេះ​បន្ត​អោប​ក្រសោប​គ្នា កាន់ចិត្តត្រង់ ដោយមិនត្រូវលួចលាក់រឿង​មិនល្អនោះទេ ជៀសវៀង​ការបែកខ្ញែក។

    ការ​ពិតបានទម្លាយចេញមកហើយ ជុំវិញថៅកែដី លោក សីហា ចេញចម្រៀងមួយមានចំនងជើងថា«មេឃក្រឡាប់លើ»។ បំណង​ចម្បងៗ​ដែល​​ថៅកែរូបនេះ បំផុសឡើង ដើម្បីអោយទស្សនិកជននៅតែចងចាំលោក ឡេង ប៊ុនណាត តារាចម្រៀងមានទេពកោសល្យ និងសំឡេងល្អ ដែល​ស្ទើរ​តែបាត់មុខសិល្បៈ អោយនៅចងចាំ។ មួយទៀត ដើម្បីរំលេច បទល្អចេញផ្សាយកន្លងកម្រមានអ្នកស្តាប់ ហើយ​នេះជា​ការពញ្ញាក់​អារម្មណ៏​ម្តងទៀត។ ក្រៅពីនេះលោកសីហា បង្ហាញជំហរមួយទៀតដើម្បីរំលឹកដល់មិត្តម្នាក់ដែលជួបវិបត្តិក្នុងបញ្ហាជីវិត ព្រោះ​តែ​ភរិយា​ជាទី​ស្រឡាញ់​បែក​គំនិត ទៅជាផិតក្បត់រហូតបណ្តាលអោយ មិត្តរូបនោះឈឺចិត្តរហូតបាត់បង់ជីវិតមិននឹកស្មាន ។

    លោក​ថៅកែ វ័យ​ក្មេង ចេញ​មក​ច្រៀង​បទ​​ខាង​លើ ខណៈ​ម្ចាស់​បទ លោក ឡេង ប៊ុន​ណាត បាន​បាត់​មុខ​ឈឹង​ពី​សិល្បៈ​មិន​ដឹង​ថា​បច្ចុប្បន្ន​លោក​នៅ​ឯណា​ឡើយ។ និយាយ​ពី​ការ​ចេញ​​ច្រៀង​របស់​លោក សីហា ជា​ថៅកែ​ដីឡូតិ៍​វ័យ​ក្មេង ត្រូវ​បាន​គេ​ដឹង​ថា លោក​មាន​​ហេតុផល​ចាំ​បាច់​មួយ​ចំនួន​។ ទី​១ ដោយ​សារ​លោក​ជា​អ្នក​ចូល​ចិត្ត​ស្ដាប់​រាល់​បទ​របស់​តារា​ចម្រៀង​ជើង​ចាស់​ខាង​លើ ឬ​អាច​និយាយ​បាន​ថា ឡេង ប៊ុនណាត ជា idol របស់​លោក។ ទី​២ បទ​ចម្រៀង “មេឃ​ក្រឡាប់​លើ” ជា​បទ​ដ៏​ពីរោះ និង​កម្រ​មាន​អ្នក​ធ្លាប់​បាន​ស្ដាប់​ណាស់។ ហេតុផល​ទី​៣ ដែល​ពិសេស​បំផុត គឺ​លោក ច្រៀង​ឧទ្ទិស​ទៅ​មិត្ត​ម្នាក់ ដែល​បាន​​ជួប​រឿង​រ៉ាវ ប្រពន្ធ​ក្បត់​ផិត រហូត​ដល់​អស់​ជីវិត​ខ្លួន​ឯង គួរ​ឲ្យ​ស្រណោះ​បំផុត​ថែម​ទៀត។

    លោក សីហា ប្រាប់​ថា មិត្ត​ដ៏​អភ័ព្វ​របស់​លោក​នោះ ដើម​ឡើយ គឺជា​គ្រូ​បង្រៀន​ដ៏​ស្លូត​បូត​មួយ​រូប មាន​ភរិយា និង​កូន​២នាក់។ បន្ទាប់​ពី​រួម​រស់​ជាមួយ​គ្នា​បាន​ជា​កូន ពូន​ជា​​ចៅ ភរិយា​របស់​លោក បែរ​ជា​បែក​ឆ្វេង​ទៅ​លួច​មាន​សហាយ ហើយ​នាំ​មក​នេបនិត្យ​ស្នេហ៍​ដល់​ផ្ទះ​ថែម​ទៀត។
    មិត្ត​របស់​លោក បាន​ដឹង ព្រោះ​បាន​តាម​ទាន់​ម្ដង​ជា​ពីរ​ដង ប៉ុន្តែ​ដោយ​សារ​ជាតិ​ជា​មនុស្ស​ស្លូត​បូត និង​មាន​ការ​អប់រំ មិត្ត​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ហិង្សា​លើ​ពួក​គេ​ឡើយ ប៉ុន្តែ​បាន​ស្ដី​ប្រដៅ​ភរិយា ឲ្យ​ឈប់​ធ្វើ​ទង្វើ​បែប​នេះ​ទៀត វា​នាំ​ឲ្យ​អាម៉ាស់​ដល់​ខ្លួន​ឯង និង​គ្រួសារ ប៉ុន្តែ​អ្វី​ៗ​មិន​អាច​កែ​ប្រែ​បាន ពោល​គឺ​ភរិយា​រូប​នោះ នៅ​តែ​បន្ត​ទង្វើ​ក្បត់​ផិត​នេះ​ដដែល​ជា​ដដែល។

    មិន​ត្រឹម​ប៉ុណ្ណឹង ភរិយា​រូប​នោះ នៅ​បាន​រួម​គំនិត​គ្នា​ជាមួយ​​សហាយ សម្លាប់​មិត្តភ័ក្ដិ​លោក ឲ្យ​ស្លាប់​ចោល​កូន​ទាំង​ពីរ​ដែល​លោក​ស្រឡាញ់​ស្មើ​ជីវិត​ថែម​ទៀត ដើម្បី​ដណ្ដើម​យក​ទ្រព្យ​សម្បត្តិ​របស់​លោក។ លោក​ថៅកែ សីហា ប្រាប់​ថា ក្រោយមិត្តភ័ក្ដិ​​កើត​រឿង ទើប​លោក​ដឹង​រឿង​ដ៏​គួរ​ឲ្យ​សង្វេគ​នេះ ខណៈ​កាល​នៅ​រស់​មិត្ត​រូប​នេះ បាន​​ស្នើ​ឲ្យ​លោក​ច្រៀង​បទ​ចម្រៀង​ខាង​លើ​ឲ្យ​ស្ដាប់​ជា​រឿយ​ៗ តែ​លោក​មិន​ចាប់​ថ្នាក់ ថា​ជា​សាច់​រឿង​ពិត​របស់​គេ។ ដូច្នេះ​ហើយ ទើប​លោក​ចេញ​មក​ច្រៀង​បទ​ចម្រៀង “មេឃ​​ក្រឡាប់​លើ” ឧទ្ទិស​ទៅ​ដល់​ដួង​វិញ្ញាក្ខន្ធ​មិត្ត​លោក និង​សូម​បួង​សួង​ឲ្យ​បាន​ទៅ​ដល់​ឋាន​សុគតិភព ហើយ​ជាតិក្រោយ​កុំ​អោយ​អភ័ព្វ​ដូច​ជាតិ​នេះ​ទៀត។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង