កំពង់ឆ្នាំង ៖ភ្លើងគប់នៃការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជនពិការលើកទី៣ នឹងមកដល់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែតុលា ខាងមុខនេះ ។

ដើម្បីឱ្យព្រឹត្តិការណ៍កីឡានេះប្រព្រឹត្តទៅដោយរលូន និងមានភាពអធឹកអធម នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាការងារស្តីពីការត្រៀមរៀបចំ ពិធីរត់ភ្លើងគប់ និងការប្រណាំងកង់ ដែលខេត្តកំពង់ឆ្នាំងធ្វើជាម្ចាស់ផ្ទះ ។

ព្រឹត្តិការណ៍នៃការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជនពិការលើកទី៣ ចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ស្វាយរៀង និងខេត្តកែប ក្រោមប្រធានបទ « កីឡាដើម្បីឯកភាពជាតិ » ។

កីឡាជាតិ គឺជាវេទិកាដ៏សំខាន់សម្រាប់បង្ហាញពីសមត្ថភាព ទេពកោសល្យ កម្លាំងចិត្ត និងស្មារតីប្រកួតប្រជែងរបស់កីឡាករ កីឡាការិនីកម្ពុជាគ្រប់រូប ៕ អត្ថបទ ៖ ហឹង ចូច













