រំលេចសម្រស់ផុសចេញពីដើមមានពណ៌ចម្រុះដែលរីកស្រូបពន្លឺព្រះសូរ្យសែងនៅបរិវេណគំរោងរីស្សតធំមួយកំពុងតែបញ្ចេញមន្តស្នេហ៍ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍ទាំងនៅទីជិតនិងទីឆ្ងាយឲ្យមកទស្សនា ព្រមទាំងផ្ដិតយករូបភាពសួនផ្កាដ៏ស្រស់ត្រកាលនៅទឹកដីរឿងព្រេងពុទ្ធិសែននាងកង្រី ។
សួនផ្កាចម្រុះប្រភេទដែលមានដូចជា ផ្កាឈូករ័ត្ន ផ្កាស្បៃរឿង ផ្កាសិរមាន់ ផ្កាម៉ោងដប់ជាដើមនេះ ជាផ្នែកមួយស្ថិតក្នុងគំរោងរីស្សតដែលលាតសន្ធឹងលើផ្ទៃដីទំហំ៨៥៨ហិចតាមានទីតាំងស្ថិតនៅភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
សួនផ្កាដែលមានសម្រស់ស្រស់ស្អាតខ្លាំងនិងបានក្លាយទៅជាទីកន្លែងកម្សាន្ត ដើម្បីបន្ថយអារម្មណ៍តានតឹងរបស់ភ្ញៀវទេសចរទាំងនៅក្នុងខេត្តកំពង់ឆ្នាំង និងក្រៅខេត្តដ៏ច្រើនកុះករ ។ ក្រៅពីសួនផ្កាខាងលើក៏មានសួនបន្លែ ព្រៃឬស្សីធម្មជាតិ និងដើមឈើហូបផ្លៃជាច្រើនទៀតរួមមាន ល្មើរ មៀន ក្រអូបដូង គូលែនជាដើម៕




















