ភ្នំពេញ៖ អ្នករត់តាក់ស៊ីនិងប្រជាពលរដ្ឋដែលបានព្យាយាម សម្រុកចាកចេញពីតំបន់ក្រហម ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យប្រមាណជាង១០០នាក់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ឃាត់ខ្លួន និងបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃជាមួយនឹងការយកសំណាកទាំងអស់គ្នា ខណៈដែលពួកគាត់បានសម្រុកចាកចេញពីតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ការឃាត់ខ្លួនអ្នកល្មើសទាំងជាង១០០នាក់ខាងលើធ្វើឡើងនារសៀល ថ្ងៃទី០៨ខែឧសភានេះ ទៅតាមបទបញ្ជានិងការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ដែលជាអ្នកចុះអនុវត្តការងារនេះផ្ទាល់ បានបញ្ជាក់ថា អាជ្ញាធរ បានឃាត់ខ្លួនអ្នករត់តាក់ស៊ីចំនួន៥៥នាក់ រថយន្ត៤២គ្រឿង និងបានឃាត់ប្រជាពលរដ្ឋចំនួន៤៩នាក់ សរុបទាំងអស់ចំនួន១០៤នាក់ ខណៈដែលពួកគាត់ សម្រុកចេញពីតំបន់ហាមឃាត់(តំបន់ក្រហម) ក្នុងគោលបំណងធ្វើដំណើរទៅតាមបណ្តាខេត្តនានា ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ពួកគាត់ទាំង១០៤នាក់ ត្រូវបានបញ្ជូនទៅធ្វើធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅអនុវិទ្យាល័យគោកបញ្ជាន់ ជាមួយនឹងការយកសំណាករកជម្ងឺកូវីដ-១៩ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម មាន ចាន់យ៉ាដា ក៏បានធ្វើការអំពាវនាវទៅដល់ ប្រជាពលរដ្ឋដទៃទៀតដែលរស់នៅក្នុងតំបន់ក្រហម សូមកុំធ្វើអ្វីដែលល្មើសដូចបងប្អូនប្រជាពលរដ្ឋទាំង១០៤នាក់ខាងលើនេះ សូមកុំព្យាយាមចាកចេញពីតំបន់ក្រហមដែលជាតំបន់មាន ហានិភ័យខ្ពស់នៃការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ។ ឯកឧត្តម ក៏បានសូមឱ្យបងប្អូនទាំងអស់ ចូលរួមអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរក៏ដូចជាកម្លាំងមានសមត្ថកិច្ច ដើម្បីកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩នេះទាំងអស់គ្នា ៕