ក្រុមមន្ត្រីជំនាញ ចុះសិក្សារៀបចំកែលម្អរូបសំណាកព្រះគោព្រះកែវ ឡើងវិញ

  • រូបសំណាក់ព្រះគោព្រះកែវ ដែលស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ត្រង់តំបន់ព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ នឹងត្រូវកែលម្អឡើងវិញ ដោយផ្អែកលើការសិក្សាប្រវត្តិសាស្ត្រ និងបច្ចេកទេសច្បាស់លាស់ ស្របតាមរក្សាអត្តសញ្ញាណដើម និងតម្លៃវប្បធម៌ ព្រមទាំងលើកកម្ពស់សោភណភាព និងបរិស្ថានជុំវិញឱ្យមានភាពសមស្របផងដែរ។ នេះបើយោងបណ្តាញសង្គមរបស់ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ។

    នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ បានដឹកនាំក្រុមការងារជជែកពិភាក្សាពីការសាងសង់រូបសំណាកព្រះគោព្រះកែវឡើងវិញ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋបាលខេត្ត មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត រដ្ឋបាលស្រុកកំពង់ត្រឡាច និងអាជ្ញាធរភូមិ-ឃុំ ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

    ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ បានបញ្ជាក់ថា តាមរយៈកិច្ចពិភាក្សា ក្រុមការងារបានឯកភាពជាគោលការណ៍លើទិសដៅសំខាន់ៗ សម្រាប់ការរៀបចំគម្រោងកែលម្អរូបសំណាកព្រះគោព្រះកែវ រួមមាន ការរក្សាអត្តសញ្ញាណ និងប្រវត្តិសាស្ត្ររក្សាទំហំដើម និងកំណត់ទិសបែរមុខរូបសំណាកឱ្យសមស្របនឹងទីតាំង ព្រមទាំងស្រាវជ្រាវ និងចងក្រងឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងការកសាងពីមុន។

    ការសិក្សារចនាបថ និងបច្ចេកទេស សិក្សាប្រវត្តិ ទម្រង់ និងក្បាច់សិល្បៈឱ្យស្របតាមបរិបទប្រវត្តិសាស្ត្រ ព្រមទាំងប្រៀបធៀបសម្ភារៈសាងសង់ និងរៀបចំគំរូរូបសំណាក ប្លង់ទីតាំង និងជើងទម្រ សម្រាប់ពិនិត្យមុនសម្រេចជាផ្លូវការ។ ការរៀបចំបរិស្ថាន និងព័ត៌មាន កែលម្អសួន ចំណតយានយន្ត ផ្លូវចេញចូល កន្លែងថ្វាយសំណែន និងសណ្តាប់ធ្នាប់ជុំវិញ ព្រមទាំងរៀបចំផ្ទាំងព័ត៌មានប្រវត្តិសាស្ត្រ និង QR Code ដោយផ្អែកលើឯកសារដែលអាចផ្ទៀងផ្ទាត់បាន។ ការរៀបចំយន្តការអនុវត្ត រៀបចំគណៈកម្មការដែលមានការចូលរួមពីក្រសួង ស្ថាប័នជំនាញ និងរដ្ឋបាលមូលដ្ឋាន ដើម្បីសម្របសម្រួលការសិក្សា និងអនុវត្តគម្រោង ដោយស្នើសុំការសម្រេចជាផ្លូវការតាមនីតិវិធី។

    បន្ទាប់ពីពិនិត្យរូបសំណាកព្រះគោព្រះកែវ នៅតំបន់ព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ក៏បានបន្តដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យរូបសំណាកព្រះគោព្រះកែវ នៅវត្តត្រឡែងកែង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាលទ្ធភាពកែលម្អឡើងវិញ ដោយផ្តោតលើការរក្សាអត្តសញ្ញាណដើម តម្លៃប្រវត្តិសាស្ត្រ និងសិល្បៈ សំដៅរួមចំណែកថែរក្សាមរតកវប្បធម៌ និងតម្លៃប្រពៃណីខ្មែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង