លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ខណៈដែលបញ្ហាវីរុសកូវីដ-១៩ បានអោយការផ្គត់ផ្គង់វត្ថុធាតុដើមពីប្រទេសចិនមានការរអាក់រអួលបន្តិច ប៉ុន្តែបញ្ហានេះមិនទាន់បានធ្វើអោយ រោងចក្រ សហគ្រាស និងសិប្បកម្ម ប្រមាណជាង២ពាន់ទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំង ព្យួរការងារឬបិទនោះទេ។
ការបញ្ជាក់របស់លោកអភិបាលរងដូចនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី«វឌ្ឍនភាពនិងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង» នៅសាលប្រជុំនៃទីស្ដីការគណៈរដ្ឋមន្ដ្រី កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។
លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានបន្ថែមថា ការណ៍ដែលរោងចក្រ សហគ្រាស និងសិប្បកម្ម ប្រមាណជាង២ពាន់ទីតាំង នៅដំណើរការជាធម្មតា ដោយសាររដ្ឋបាលខេត្តមានយន្តការឆ្លើយតបបន្ទាន់ និងមានការណែនាំពីមន្ទីរការងារ ប្រសិនមានបញ្ហាភ្លាមនឹងធ្វើការដោះស្រាយភ្លាមៗ រួមជាមួយនឹងការទទួលបានការផ្គត់ផ្គង់នូវវត្ថុធាតុដើមខ្លះពីប្រទេសចិនជាដើម។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ ខេត្តកំពង់ឆ្នាំង មានរោងចក្រ សហគ្រាស ចំនួន២២ ដែលបានផ្តល់ការងារដល់កម្មករនិយោជិកចំនួន៤ម៉ឺននាក់ និងសហគ្រាសធុនតូច មធ្យម សិប្បកម្ម ចំនួនសរុប២០៨៩មូលដ្ឋាន៕