កំពង់ឆ្នាំង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះធ្វើការឃាត់ខ្លួនជនសង្យ័យចំនួន ២ នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់នារីម្នាក់នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅវេលាម៉ោង១៧និង៣០ នាទី ថ្ងៃទី៣ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវថ្មី ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន៥នាក់ មធ្យោបាយរថយន្ត១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និង ដោយមានការសម្របសម្រួលពីឯកឧត្តមអ៊ិត សុធា ព្រះ
រាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះធ្វើការឃាត់ខ្លួនជនសង្យ័យចំនួន២នាក់ ១-ឈ្មោះកាន់ ឈុនឡេង ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ២-ឈ្មោះលន សុខឡូត ភេទប្រុស អាយុ ២២ ឆ្នាំ ទីលំនៅភូមិផាត់សណ្តាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាប់សង្ស័យ ពាក់ព័ន្ធនិងករណីឃាតកម្ម កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ។
តាមប្រភពពីក្រុមគ្រួសារបានឱ្យដឹងថា យុវតីរងគ្រោះខាងលើឈ្មោះឡាំ រដ្ឋា អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាល័យហ៊ុនសែនបរិបូណ៌ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។ មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ យុវតីរងគ្រោះបានត្រឡប់មកពីរៀនវិញ ហើយក៏បានបើកកាណូតបាឡាស្មាច់ ជូនមិត្តភក្តិទៅផ្ទះដូចសព្វដង ។ លុះដល់វេលាម៉ោង៧យប់ថ្ងៃដដែល មិនឃើញនាងត្រឡប់មកផ្ទះវិញឡើយ ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ ហើយក៍តាមរកគ្រប់ទីកកន្លែង នៅតែមិនឃើញ ។ ស្រាប់តែព្រឹកឡើងថ្ងៃទី៤ ខែធ្នូ ក៏បានប្រទះឃើញសពនាងអណ្តែតទឹកនៅចំណុចផ្លូវថ្មី និងបានឃើញកាណូតបាឡាស្មាច់ដែលនាងជិះនៅមិនឆ្ងាយពីសពយុវតីរងគ្រោះប៉ុន្មានឡើយ។ ប៉ុន្តែកាណូតបាឡាស្មាច់ សល់តែសំបកកាណូតបាឡា ចំណែកម៉ាស៊ីន បានបាត់មិនដឹងទៅណា។
នៅព្រឹកថ្ងៃដដែលនោះដែរ សមត្ថកិច្ចស្រុក ខេត្ត បានចុះទៅពិនិត្យធ្វើកោសល្យវិច័យ និង បានប្រគល់សពជូនក្រុៗគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕











