ផលិតករប្រកាសលក់​ស៊ីក្លូក្នុងរឿង”ដើម្បីកូន”តម្លៃ១លាន​ដុល្លារ យក​ទៅជូន​មន្ទីរពេទ្យគន្ធបុប្ផា

  • ស៊ីក្លូមាន​អាយុ​កាល ៨០ឆ្នាំ ដែល​ប្រើប្រាស់​ក្នុងការ​ថតរឿង”ដើម្បីកូន” បាន​ប្រកាស​ដាក់​លក់​ក្នុង​តម្លៃ ១លាន​ដុល្លារ។ ក្នុង​នោះ​​ទឹកប្រាក់​​ទទួល​បាន​​នឹ​ង​​ត្រូវ​​ប្រគល់​ជូន​ មន្ទីរពេទ្យ ​គន្ធបុប្ផា​។

    កត្តា​ស៊ីក្លូនេះ​ដាក់លក់​ក្នុងតម្លៃ ១លាន​ដុល្លារ ក៏ព្រោះតែជាកេរ្តិ៍តំណែលបន្សល់ទុកពីដូនតា តជំនាន់មក ដែលមានតម្លៃមិនអាចកាត់តម្លៃបាន។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ ហ៊ុយ​ យ៉ាឡេង​ ផលិតកររឿង​”ដើម្បី​កូន​” បាន​យក​ស៊ីក្លូ​នេះ​មក​ថត​រឿង​របស់​ខ្លួន​ មុន​ប្រកាស​ដាក់​លក់​នេះ​ពេល​នេះ​។

    លោក ហ៊ុយ យ៉ាឡេង បាន​បញ្ជាក់​ថា៖​”ក្រោយ​ថតរឿង​នេះ​ចប់​ជា​មួយស៊ីក្លូ​ដ៏ចំណាស់​នេះ​ធ្វើឱ្យខ្ញុំយល់​កាន់​តែច្បាស់​ពីតម្លៃរបស់​វាជួយជីវិត​អ្នក​ធាក់​ស៊ីក្លូ តជំនាន់​នាពេល​កន្លង​មក។​ អីចឹងហើយខ្ញុំជឿជាក់ថានឹងមានបណ្ដាអ្នកមានស្រុកខ្មែរ ឬខ្មែ​រ​អាណិកជន​នឹងលះ​បង់​ទិញ​វា​ដើម្បី​មន្ទីរពេទ្យ ​គន្ធ​បុប្ផា”​។​

    ផលិតករ​ល្បី​ឈ្មោះ​រូបនេះ​បន្តថា​ ស៊ីក្លូមួយនេះ​លោក​បានទិញ​ពីសមាគម​ស៊ីក្លូ​នៅភ្នំពេញ​ក្នុងតម្លៃប្រមាណ​៥រយដុល្លារ ​ដើម្បី​ថតរឿង​”ដើម្បី​កូន” ដែល​ជារឿង​មួយ​ដកស្រង់​ពីសាច់រឿង​ពិតក្នុង​សង្គម​ខ្មែរ ដែល​ឪពុក​តស៊ូលះ​បង់គ្រប់​បែបយ៉ាង​ដើម្បីចិ​ញ្ចឹម​កូន​។ ក្រោយ​ថតរឿង​នេះចប់​លោក​បាន​កែច្នៃ​បន្ថែម​ឱ្យទៅជាពណ៌មាស​ មុនដា​ក់​លក់​ក្នុងតម្លៃ១​លាន​ដុល្លារ​នាពេល​នេះ​។ប្រការ​បែបនេះ​ហើយទើប​លោកសុំ​អំពាវនាវ​ដល់​សប្បុ​រស​ជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ដែល​មាន​លុយ​ជួយ​ទិ​ញ​ស៊ីក្លូមួយ​នេះផង​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា​។

    ” បើនៅរបទេសគេឲ្យតម្លៃខ្លាំងណាស់ គេដាក់ដេញថ្លៃបានលុយរាប់លាន ព្រោះវាជាសម្បត្តិបេតិកភណ្ឌមួយដែលមានអាយុកាល ៨០ឆ្នាំ។ នេះ​ស្រុក​ខ្មែរលើកដំបូងហើយដែលខ្ញុំធ្វើអ៊ីចឹង មិនដឹងថាធ្វើទៅជះឥទ្ធិពលយ៉ាងណានោះទេដល់ប្រជាជនខ្មែរ។ លោក ហ៊ុយ យ៉ាឡេង បន្ថែម។
    ចំ​ពោះលុយ១លានដុល្លារនេះដែរគឺយើងយកទៅជួយមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់”។

    មួយវិញទៀតលោក បញ្ជាក់ថាប្រសិនបើបញ្ចាំងរឿង “ដើម្បី​កូន” ចប់ហើយអត់មានអ្នកទិញស៊ីក្លូតម្លៃ១លានដុល្លារនេះទេ វិធីសាស្រ្ដតែមួយ​ដែល​​ខ្លួនអាចធ្វើទៅបាននោះគឺអំពាវនាវដល់ឧកញ៉ា ហុង ​ពីវ ឲ្យជួយទិញ ដែលលោកឧកញ៉ាជាវីរៈបុរសទី១​ដែលជួយមន្ទីរពេទ្យគន្ធ​បុប្ផាមុន​គេ​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង