ក្រោយពីបានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងលើស្នាដៃនិពន្ធភាពយន្តរឿង “នាឡិកាដាស់វិញ្ញាណ” រហូតទទួលបានការគាំទ្រច្រើន និងទទួលពានច្រើនសន្ធឹកសន្ធាប់ពីមហោស្រពភាពយន្តជាតិឆ្នាំ២០១៩ នៅពេលនេះ ផលិតករវ័យក្មេង លោក នួន ម៉ូលីន បានបញ្ចេញស្នាដៃថ្មីមួយទៀតហើយគឺរឿង”ថេកចុងក្រោយ” តាមរយៈផលិតកម្ម LD Picture ។
ផលិតករវ័យក្មេង លោក នួន ម៉ូលីន បានលើកឡើងថា នេះគឺជាភាពយន្តទី២ដែលលោកបានខិតខំនិពន្ធ ជាច្រើនខែមុនពេលត្រូវបានយកទៅផលិតជាភាពយន្ត ហើយភាពយន្តនេះបានឆ្លុះបញ្ចាំងពីថតភាពនៃសង្គមបច្ចុប្បន្នមួយចំនួន ដូចជាការប្រើប្រាស់ពាក្យពេចន៍នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
ផលិតកររួបនេះ បន្តថា ក្រៅពីមានឈុតឆាកភ័យរន្ធត់ជាច្រើន ភាពយន្តនេះបានបង្កប់ដោយខ្លឹមសារអប់រំមួយចំនួនបន្ថែមទៀត ពិសេសទំនាក់ទំនងឆ្លុះបញ្ចាំងពីការស្រលាញ់បងប្អូន នៅក្នុងក្រុមគ្រួសារមួយ។ លោករំពឹងទុកថាភាពយន្តនេះនឹងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ពិសេសអ្នកដែលធ្លាប់គាំទ្រ និងនិយមទស្សនាភាពយន្តខ្មែរ។
គួរបញ្ជាក់ដែរថា ចុងឆ្នាំ ២០១៩ ភាពយន្តរឿង “នាឡិកាដាស់វិញ្ញាណ” បានក្លាយជាភាពយន្តដែលទទួលបានពានរង្វាន់ច្រើនបំផុត ហើយក៏ជាភាពយន្តដែលត្រូវបាននាំចេញទៅចាក់បញ្ចាំងនៅលើរោងកុននៅបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី។ ខណៈភាពយន្តស្នាដៃទី២របស់ផលិតករ នួន ម៉ូលីន នេះគឺរឿង “ថេកចុងក្រោយ” បាននិងកំពុងចាក់បញ្ចាំងចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២០នេះតទៅនៅគ្រប់រោងភាពយន្តទំនើបទាំងអស់៕