កំពង់ឆ្នាំង ៖លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់យុវជនដែលត្រូវចូលបំពេញកាតព្វកិច្ចយោធាទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹកហ្វឺន រៀនសូត្រ ត្រង់ត្រាប់ក្រេបយកចំណេះវិជ្ជា វិន័យកងទ័ព និងកសាងសមត្ថភាពឱ្យបានរឹងមាំ ដើម្បីបម្រើ និងការពារជាតិ និងប្រជាជនឱ្យបានសក្តិសមជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិ ។

លោក អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាចូលសាលាហ្វឹកហ្វឺន នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

លោក ជា សុខរិទ្ធិ បានបញ្ជាក់អំពីសារៈសំខាន់ នៃការចូលបំពេញកាតព្វកិច្ចយោធា ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីស្នេហាជាតិ ភាពក្លាហាន និងការលះបង់ខ្ពស់របស់យុវជានកម្ពុជា ។ការចូលរួមបំពេញកាតព្វកិច្ចការពារជាតិ គឺជាការអនុវត្តស្របតាមរដ្ឋធម្មនុញ ច្បាប់ស្តីពីកាតព្វកិច្ចយោធា និងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែចាត់ទុកកិច្ចការពារជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ជាអទិភាពស្នូលមិនអាចខ្វះបាន ដើម្បីធានាបាននូវសុវត្តិភាពសង្គម និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព ។

លោកអភិបាលរងខេត្ត បន្ថែមថា យុវជនគឺជាកម្លាំងចលករដ៏រឹងមាំ ក្នុងការអភិវឌ្ឍនិងការពារមាតុភូមិ ។ដូចនេះការចូលទៅក្នុងសាលាហ្វឹកហ្វឺនកងទ័ព មិនត្រឹមតែជាការបំពេញកាតព្វកិច្ចផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសមាសក្នុងការបណ្តុះបណ្តាលឆន្ទះ វិន័យ សាមគ្គីភាព កាយសម្បទា និងចណេះដឹងយុទ្ធសាស្ត្រយោធា សំដៅប្រែក្លាយយុវជនឱ្យទៅជាយោធិនគំរូ ពោរពេញដោយសមត្ថភាព និងភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ។

លោក ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការកាតព្វកិច្ចយោធាខេត្ត បានឱ្យដឹងថា យុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ដែលត្រូវទៅកាន់សាលាហ្វឹកហ្វឺន នាពេលនេះមានចំនួន ១៨០ នាក់ ៕អត្ថបទ ហឹង ចូច ,រូបថត សន គន្ធនិវឌ្ឍន៍

























