ក្លិប​ឫទ្ធិ​សែន នឹងចូល​រួម​ប្រកួត​លីគ២ រ​បស់កម្ពុជា​ឆ្នាំ២០២១ ដោយ​មាន​ការគាំទ្រពី​​អភិបាលខេត្តកំ​ពង់​ឆ្នាំង

  • កំពង់ឆ្នាំង៖ ក្លិបឫទ្ធិសែនដែលមានមូលដ្ឋាននៅក្នុងខេត្តកំពង់ឆ្នាំង នឹងចូលរួមក្នុងការប្រកួតជ្រើសរើស​​ជើងឯកលីគ២របស់កម្ពុជា ឆ្នាំ២០២១ ​ដោយ​​​មាន​​​ការចូលរួម​​គាំទ្រពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ​ អភិបាល​ខេត្តកំពង់ឆ្នាំង។

    លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្លិបបាល់ទាត់ឫទ្ធិសែន បានបញ្ជាក់ថាកាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ក្លិបបាន​រៀបចំ​ពិធីសំ​ណេះសំណាល និងចុះ​កិច្ចព្រមព្រៀងរវាង​កីឡាក​រជាមួយនឹងក្លិបបាល់ទាត់ឫទ្ធិសែន (Rithisen FC) ដោយមានការអញ្ជើញចូល​រួមពី​ឯកឧត្ដម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម​ស៊ុន សុវណ្ណារិទ្ធិ ​អភិបាល​ខេត្តកំពង់ឆ្នាំង និង​​លោក​​​​ឧកញ៉ា រស់ សុវណ្ណវាសនា ប្រធានកិត្តិយសក្លិប  ។

    លោក សាន់ យូ បានបន្តថា ឆ្នាំនេះក្លិបឫទ្ធិសែនបាននាំចូល​កីឡាករល្អពីខាងក្រៅ និងសម្រិតសម្រាំង​​កីឡាករវ័យក្មេង​ដែលមាន​បទពិសោធន៍​និង​ហ្វឹក​ហាត់​​នៅក្នុងថ្នាលU១៦និងU១៧ជាដើម។ ហើយ​​ឆ្នាំនេះ​​រំពឹងថាក្លិបនឹងទទួលបានលទ្ធផលល្អជាងមុន ដើម្បីចូលរួមលើកស្ទួយកិត្តិយស និងកេរ្តិ៍ឈ្មោះ​​របស់ខេត្តកំពង់ឆ្នាំង។

    គួរបញ្ជាក់ថា ក្លិបបាល់ទាត់ឫទ្ធិសែនត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ក្នុងនាមជាក្លិបបាល់ទាត់មួយ​តំណាងឲ្យខេត្តកំពង់ឆ្នាំង។ ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១១ ក្លិបបាល់ទាត់ឫទ្ធិសែន​បានបោះ​ជំហានជាបន្តបន្ទាប់ ចាប់ពីការប្រកួតកម្រិតភូមិភាគ រហូតដល់ការប្រកួតនៅលីកកំពូល​របស់កម្ពុជា។ ចន្លោះឆ្នាំ២០១១ ដល់មុនឆ្នាំ២០២០ ក្លិបត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន ហើយចាប់ពីឆ្នាំ​២០២០ ដោយមានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំ​ខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង សប្បុរសជន និងមហាជន ក្លិបបាល់ទាល់ទាត់ឫទ្ធិសែនត្រូវបានដំណើរការឡើងវិញ។

    បច្ចុប្បន្នក្លិបកំពុងរៀបចំក្រុមកីឡាករដើម្បីចូលរួមការប្រកួតបាល់ទាត់ពានរង្វាន់ថ្នាក់ជាតិលំដាប់ទី២ រដូវ​កាលឆ្នាំ២​០២១ ដែលនឹងចា​ប់ផ្ដើមនៅ​​ក្នុង​​ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ ក្នុងនោះឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ក៏បានឧបត្ថម្ភថវិកាចំនួន ១០លានរៀលដល់ក្លិប​ សម្រាប់ប្រើប្រាស់ក្នុង​ការ​​ហ្វឹ​ក​​​ហាត់ និងចូលរួមប្រកួតផងដែរ៕ អត្ថបទ៖ សីហា

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង