តាមគម្រោងភាពយន្តរឿង”វិញ្ញាណល្បុក្កតោ” ដែលជាស្នាដៃលើកកម្ពស់ក្បាច់គុនល្បុក្កតោដ៏ល្បីរបស់ដូនតាខ្មែរ គ្រោងដាក់បញ្ចាំងលក់សំបុត្រនៅចុងខែមេសា ប៉ុន្តែគម្រោងមានការប្រែប្រួលប្រសិនបើបញ្ហាផលប៉ះពាល់នៃជំងឺកូវីត១៩។ នេះបើយោងតាមការលើកឡើងរបស់លោកគ្រូតាក្រមាមាស ដែលជាអ្នកដំឡើងសាច់រឿង និងឈុតឆាកវាយតប់។ យ៉ាងណាមិញ កាលពីថ្ងៃទី១៦ មីនា ឆ្នាំ២០២០ ភាពយន្តនៅដំណើរការធ្វើសន្និសីទបង្ហាញតួអង្គ និង ដាក់បញ្ចាំងជូនភ្ញៀវកិត្តិយស និង អ្នកសារព័ត៌មានបានទស្សនាមុនផងដែរ។
លោក តឹក ង៉ុយ ហៅស្ដេចនំដូណាត់ ដែលជាអ្នកបោះទុនផលិត បានអះអាងថាលោកពិតជាមោទនភាពនឹងភាពយន្តនេះយ៉ាងខ្លាំង ទើបលោករៀបចំអោយមានការដាក់បញ្ចូលជាលក្ខណៈបង្ហាញជូនដល់ភ្ញៀវកិត្តិយសមួយចំនួនជាមុន មិនការដាក់បញ្ចាំងលក់សំបុត្រនឹងមកដល់នៅជាងមួយខែទៀត។ លោកគម្រោងយកភាពយន្តនេះ ទៅបង្អួតលើឆាកអន្តរជាតិ តែក៏ទាមទារអោយមានការគាំទ្រនៅក្នុងស្រុកជាមុនសិន ដើម្បីបានដឹងពីភាពខ្លាំងក្លារបស់ក្បាច់គុនខ្មែរ។
នៅក្នុងពិធីនោះ ក៏មានការសួរឆ្លើយលើតួអង្គសំខាន់ៗមួយចំនួនផងដែរ ជាពិសេសតារាសម្ដែង ដែលភាគច្រើនគឺជកូនសិស្សផ្នែកល្បុកតោតែម្ដង។