ការប្រកួតស្តេចប្រដាល់អង្គរ នឹងធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី១០មេសា ខាងមុខ

  • ការប្រកួតកីឡាប្រដាល់ ដែលប្រសិទ្ធនាមឱ្យថា «ស្តេចប្រដាល់អង្គរ» (Angkor King Fight) គ្រោង​នឹងធ្វើឡើង នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដោយមានកីឡាករ​ កីឡាការិនីកម្ពុជា-ចិន ចំនួន១០គូចូលរួមប្រកួតប្រជែង។ នេះបើតាមការប្រកាសឱ្យដឹង​នៅក្នុង​សន្និសីទសារព័ត៌មាន កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិ​ការ​ជាតិអូឡាំពិកកម្ពុជា (NOCC)។
    ព្រឹត្តិការណ៍ដ៏ទាក់ទាញនេះត្រូវបានធ្វើឡើង​ក្រោម​កិច្ចសហការ​រវាង NOCC, សហ​ព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរអន្តរជាតិ, សហព័ន្ធកីឡាប្រដាល់គុនខ្មែរ, សហព័ន្ធឃីកបុកស៊ីងកម្ពុជា និងក្លឹប​ប្រដាល់​ Loonghai Fight Club។

    ​លោកបណ្ឌិត មាម រ៉ា ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ និងជាគណៈ​កម្ម​ការរៀបចំការប្រកួតមាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យលើកដំបូងលើទឹកដីអង្គរនេះ គឺ​មាន១០គូ ដែលសម្រិតសម្រាំងសុទ្ធតែកីឡាករ-កីឡាការិនីជើង​ខ្លាំង​ចូលរួមប្រកួត។ លោក​បណ្ឌិតបានចាត់ទុកការរៀបចំនេះ គឺជាឱកាសដ៏ល្អសម្រាប់កីឡាករកម្ពុជា ក្នុងការវាស់​ស្ទង់​គុណភាពសមត្ថភាព ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេស​វៀតណាម នាខែឧសភា ឆ្នាំ២០២២ ជាពិសេសសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការ​ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

    លោក Guo Yang នាយកក្លឹប Longhai Fight Club នៃប្រទេសចិនបានបង្ហាញ​នូវក្តី​រីក​រាយយ៉ាងខ្លាំង ដែលក្លឹបរបស់​លោកបានរួមចំណែកសហការក្នុងព្រឹត្តិការណ៍ដ៏មាន​អត្ថន័យ​ដ៏សំខាន់នេះ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព​រវាងប្រទេស-ប្រជាជនទាំងពីរ ក៏ដូចជា​រួមចំណែកគាំទ្រដល់ក្បាច់គុនបុរាណខ្មែរ។ លោកនាយកសង្ឃឹមថា ក្រោយ​ចប់ព្រឹត្តិការណ៍​នេះនឹងមានមនុស្សជាច្រើនបានស្គាល់ពីវប្បធម៌ក្បាច់គុនបុរាណខ្មែរ ហើយធ្វើឱ្យប្រដាល់​គុន​ខ្មែរកាន់​តែល្បីល្បាញខ្លាំង ទាំងនៅប្រទេសចិន និងពិភពលោក។

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានគូសបញ្ជាក់ថា ការប្រកួត «ស្ដេច​ប្រដាល់អង្គរ» ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១០ ខែមេសា នៅមុខប្រាសាទអង្គរវត្ត ខេត្ត​សៀមរាប នឹងប្រើប្រាស់ការប្រកួតតាមបែបប្រដាល់គុនខ្មែរ និង​ប្រដាល់ឃីកប៊ុកស៊ីង។ ឯកឧត្ដមបន្ដថា ព្រឹត្តិ​ការណ៍នេះទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយ និងស្វែងរកការគាំទ្រជាអន្ដរជាតិ សម្រាប់កីឡាអត្តសញ្ញាណជាតិ គឺប្រដាល់គុនខ្មែរ និង​យុទ្ធគុនចម្រុះរបស់កម្ពុជា។ ការប្រកួតអន្តរជាតិនេះក៏ជាការផ្សាភ្ជាប់ជាមួយកិច្ចប្រជុំក្រុម​ប្រឹក្សា​កីឡាអាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាប នាពី​ថ្ងៃទី០៨-១០ ខែមេសាផងដែរ។ ដូច្នេះ នេះគឺជាពេលវេលាមួយសមស្រប ដើម្បីបង្ហាញជូនបណ្ដាប្រទេសអាស៊ាន និងទាក់ទាញ​ការគាំទ្រដល់គុនខ្មែរ ហើយបញ្ជូនប្រតិភូ និងអត្តពលិករបស់គេ មកប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

    ឯកឧត្តម វ៉ាត់ ចំរើន បានជំរុញទឹកចិត្តដល់គណៈកម្មការរៀបចំ ពិសេស​សហព័ន្ធ​កីឡា​ជាតិត្រូវខិតខំបំពេញតួនាទីភារកិច្ច​របស់ខ្លួនឱ្យ​អស់ពីលទ្ធភាព ដើម្បីផ្ដល់យុត្តិធម៌ដល់​កីឡា​ករ-កីឡាការិនីក្នុងការប្រកួត។ រីឯកីឡាករ-កីឡាការិនី ក៏ត្រូវ​គោរពបទបញ្ជាការប្រកួត និង​វិន័យឲ្យបានខ្ពស់ផងដែរ ទោះបីលទ្ធផលឈ្នះ-ចាញ់ក៏ដោយ ដើម្បីវិវត្ដន៍ខ្លួនទៅរក​លក្ខណៈ​អាជីព និងត្រៀមឆ្ពោះទៅរកការប្រកួតកីឡា ស៊ីហ្គេម ២០២៣ ដែលជាប្រវត្តិសាស្ត្រ​ដំបូង​របស់ព្រះរាជាណាចក្រកម្ពុជា៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង