កំពង់ឆ្នាំង ៖សម្តេចកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញអុជធូប និងថ្វាយគ្រឿងសក្ការៈ ព្រះសព ព្រះមហាថេរបញ្ញានន្ទោ សំ បុណ្យសាន្ត នៅវត្តវារីសុខារាម (ហៅវត្តទឹកជុំ) ស្តិតក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស ២ ៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។

អញ្ជើញចូលរួមក្នុងពិធីនេះដែរមាន ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី ឯកឧត្តម ហ៊ឺ វិរៈ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងមន្ត្រី និងពុទ្ធបរិស័ទ្ទ យ៉ាងច្រើនកុះករ ។

គួររំលឹកផងដែរថា វត្តវារីផាសុខារាម (ហៅវត្តទឹកជុំ)ជាកន្លែងតំកល់ព្រះសព ព្រះមហាថេរបញ្ញានន្ទោ សំ បុណ្យសាន្ត ជាសិស្សប្អូនលោកឳសួង ។ ព្រះអង្គទ្រង់អនិច្ចធម្មកាលពីថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២ ៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ង៤ និង៣៨នាទីល្ងាច ដោយជរាពាធ ក្នុុងព្រះជន ៩៥ ព្រះវស្សា ។

នៅក្នុងពិធីនោះ សម្តេចកត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាល តាមជួយអភិបាលប្រោះព្រំ បីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ ដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងប្រជាពលរដ្ឋទូទាំងប្រទេស សូមសមប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខគ្រប់ប្រការ ។

សូមឱ្យប្រទេសជាតិជៀសផុតពីជំងឺឧបទ្រពចង្រៃ ជៀសផុតពីគ្រោះធម្មជាតិផ្សេងៗ សូមឱ្យមានភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្ពុជាកាន់តែច្រើន សូមឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងនៅជួរមុខតាមបន្ទាត់ព្រំដែន សូមមានសុខភាពល្អ ទទួលបានជោគជ័យក្នុងការការពារបូរណភាពទឹកដី និងសូមឱ្យសម្រេចរាល់បំណងប្រាថ្នា ទទួលបានជោគជ័យក្នុងការងារ និងសម្រេចបាននូវវឌ្ឍនភាពថ្មីៗបន្តទៅទៀត ៕



















