ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានផ្ញើលិខិតអបអរសាទរចំពោះសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ដែលត្រូវបានរាជរដ្ឋាភិបាល សម្រេចអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញ ប្រសិទ្ធនាមផ្លូវ២០០៤ ទៅជាមហាវិថីសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល។
ក្នុងរបស់ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា៖ «នេះជាសក្ខីភាពមួយបង្ហាញ ឱ្យឃើញអំពីការខិតខំប្រឹងប្រែង បំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងការលះបង់គ្រប់បែបយ៉ាងបម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ»។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចប្តូរឈ្មោះផ្លូវ២០០៤ ចាប់ពីចំណុចមហាវិថីខេមរភូមិន្ទ (ផ្លូវលេខ២០០៤) រហូតដល់មហាវីថីសហព័ន្ធរុស្សី ប្រវែង៤៤៥០ម៉ែត្រ ទទឹងប្រវែង២០ម៉ែត្រ ស្ថិតក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ មកជា «មហាវិថី សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល»។