កំពង់ឆ្នាំង៖ ក្នុងឱកាស អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២ ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងរៀបចំសង្ក្រាន្តនៅទីតាំងចំនួន២ ដែលទីតាំងទី១ នៅសួនសម្តេចចៅហ្វាវាំង គង់ សំអុល ក្នុងក្រុងកំពង់ឆ្នាំង។ ទីតាំងទី២ នៅសួនឈ្វាំងសែនជ័យ ក្នុងស្រុករលាប្អៀរ ។

នៅទីតាំងទាំង២នេះ មានរៀបចំការលេងល្បែងប្រជាប្រិយ ប្រពៃណីជាតិគ្រប់ប្រភេទ ការប្រគំតន្ត្រី រាំលេងកម្សាន្ត និង មានការបាញ់កាំជ្រូចផងដែរ រយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃ១៦ ខែមេសា ឆ្នាំ ២០២២ ។

ឯកឧត្តម ស្រ៊ន សំឬទ្ធី អភិបាលរង ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីអាជ្ញាធរក្រុង និង មន្ទីរអង្គភាព ក្នុងខេត្ត ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ រៀបចំសង្ក្រាន្ត នៅទីតាំងសួនសម្តេចចៅហ្វាវាំង គង់ សំអុល ក្នុងក្រុងកំពង់ឆ្នាំង ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អភិបាលរងខេត្ត បានក្រើនរំលឹកបន្ថែមទៀតដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវសហការរៀបចំឲ្យបានល្អ តាមផែនការ ដែលរដ្ឋបាលខេត្តបានដាក់ជូន ធ្វើយ៉ាងបង្ករបរិយាកាសសប្បាយរីករាយ ជូនប្រជាពលដ្ឋមកលេងកំសាន្ត៕











