អតីតកវីនិពន្ធល្បីឈ្មោះ របស់ ផលិតកម្មថោននិងបច្ចុប្បន្នក្លាយជាអ្នកគ្រប់គ្រងទូទៅ ហើយនិពន្ធប្រចាំផលិតកម្ម Galaxy Navatra របស់ឧកញ៉ា ឡេង ណាវ៉ាត្រា គឺលោក យឹម តាស្រង់ បានបង្ហាញពី អារម្មណ៍រំភើបខ្លាំងស្ទើរញញឹមបាត់មាត់មិនជិត ក្រោយ ពេលដែលតារាចម្រៀង កញ្ញា តន់ ច័ន្ទសីម៉ា បានប្រកាសផ្តល់នូវប្រាក់ចំនួន២០ ភាគរយ នៃការចេញច្រៀងតាមកម្មវិធីនានាដល់ខ្លួន។
លោក យឹម តា ស្រង់ បានថ្លែងដូច្នេះថា រំភើបបំផុតមួយជីវិតនេះ ខ្ញុំទើបជួបម្តងទេ ដែលតារាចម្រៀងម្នាក់ហ៊ានចែកផ្ដល់ចំណូលមកខ្ញុំជាអ្នក និពន្ធ២០ ភាគរយពីការចេញច្រៀងគ្រប់កម្មវិធីប្រគំតន្ត្រីនិងស្ពតពាណិជ្ជកម្មទាំងអស់ក្នុងរយៈពេលដ៏វែងដោយភាពពេញចិត្ត។ អរគុណណាស់ នូវការយល់ពីតម្លៃនៃអ្នកនិពន្ធហើយមួយរយៈនេះ បងលើកប្អូនស្រីពិតជាមិនខកបំណងមែនអរគុណនូវទឹកចិត្តដឹងគុណរបស់ប្អូនមកលើបង។
កវីនិពន្ធលោក យឹម តាស្រង់ បន្តថា ប្អូនប្រហែលជាអ្នកចម្រៀងទី១ ហើយបងក៏ប្រហែលជាអ្នកនិពន្ធទី១ផងដែរដែល បានទទួល ការចែកភាគ លាភបែបនេះពីតារាចម្រៀងកំពុងល្បីម្នាក់បែបនេះបងនឹងខិតខំព្យាយាមបន្តទៀត ដើម្បីប្អូនហើយក៏អរគុណផងដែរដល់បងប្អូនក្រុម មេធាវី និង សាក្សី។ ជាពិសេស នោះអរគុណដល់អគ្គនាយកផលិតកម្ម Galaxy Navatra ឧកញ៉ា ឡេង ណា វ៉ា ត្រា ដែលបានចូលរួមជាកិត្តិយសដឹងឮក្នុង កិច្ចសន្យានេះ។
ឆ្លើយតបនឹងសំនួររិះគន់មួយចំនួន លោក យឹម តាស្រង់ បញ្ជាក់ថា គ្រប់យ៉ាងអាចធ្វើទៅបានក្នុងរឿងនេះមិនមែនមកពីលោកម្នាក់ឯងឡើយ ដោយសារមានការយល់ព្រមពេញចិត្តពេញថ្លើមសហការពីឧកញ៉ាដែលគាត់ក៏ជាអ្នកនិពន្ធដែលយល់ច្បាស់ពីផលវិបាកនៃអាជីពអ្នកនិពន្ធនិង គោលបំណងទាំងអស់គ្នាចង់លើកកម្ពស់តម្លៃនៃអ្នកនិពន្ធក្នុងបរិបទថ្មីមួយដំបូងគេ ដើម្បីឲ្យប្អូនៗអ្នកនិពន្ធមកថ្មីៗក្រោយៗមានទឹកចិត្តលើវិថី តែងនិពន្ធនេះ។ ម្យ៉ាងទៀតក៏មានការពេញចិត្តគោរពនិងផ្តល់តម្លៃរបស់អ្នកចម្រៀង តន់ ចន្ទ សីម៉ាឲ្យលោកទើបលោកទទួលបាន២០ភាគរយ នេះ។
កវីនិពន្ធលោក យឹម តា ស្រង់ បន្ថែមទៀតថា នៅថ្ងៃតទៅមុខទៀត នេះនឹងមានអ្នកចម្រៀងទី២ ទី៣ទៀតដែលផ្តល់តម្លៃសម្រាប់អ្នកនិពន្ធហើយ មានតែពាក្យជូនពរប្អូនៗអ្នកនិពន្ធផ្សេងៗទៀតនិងធ្វើបានដែរដើម្បីលើកកម្ពស់ស្នាដៃខ្លួនឯង ។