ក្រោយកុងត្រាក្លាយជាតារាចម្រៀងរបស់ក្លាសុិក តារាសម្ដែងលោក រុន ណាកូ ចេញបាន៣បទភ្លាមៗ សម្រាប់ឱកាសមុនចូលឆ្នាំនេះ។ ក្នុងនោះបទចម្រៀង២បទ ដែលជាបទទោលរបស់លោកត្រូវបានគេកត់សម្គាល់ពីរោះ និងប្លែកត្រចៀក បើទោះជាបទនោះមិនមែនជា Original Song។ ផលិតកម្មក្លាស៊ិកហាក់រំពឹងខ្លាំងថាវត្តមានតារារះថ្មីរូបនេះ នឹងក្លាយជាគ្រាប់ពេជ្រថ្មី នៅក្នុងផលិតកម្មរបស់ខ្លួននោះផង។
ហក់ចូលសិល្បៈប្រមាណតែជាង១ឆ្នាំប៉ុណ្ណោះ តែតារាសម្ដែងវ័យ២២ឆ្នាំ លោក រុន ណាកូ ត្រូវគេកត់សម្គាល់ថាទទួលបានទីផ្សារច្រើននៅក្នុងវិស័យសម្ដែង និងដើរម៉ូដ។ លោកកាន់តែលេចមុខលេចមាត់ក្រោយមានឱកាសក្លាយជាក្រុមការងាររបស់ផ្ទះតារា និងជាពិធីករក្នុងវីដេអូផ្ទះតារា ដែលជាកម្មវិធីសម្ភាសន៍ដ៏ពេញនិយមរបស់គ្រួសារតារាកម្ពុជា។ នេះក៏អាចជាចលករមួយ ដែលរុញអោយលោកឡើងកូដផងដែរ ទើបត្រូវបានផលិតកម្មក្លាស៊ិក ផ្ដល់ឱកាសអោយសម្ដែងជាតួឯកក្នុងរឿង”ដំណក់ទឹកភ្នែក១លានដំណក់” និងផ្ដល់ឱកាសអោយក្លាយជាតារាចម្រៀងកុងត្រារយៈពេលមួយឆ្នាំ ក្រោយពីដឹងថាលោកមានសមត្ថភាពសំលេងល្អ។
លោក រុន ណាកូ និយាយថាលោកមានក្ដីស្រម៉ៃចង់ក្លាយជាតារាចម្រៀងជាយូរមកហើយ ប៉ុន្តែមកពីគ្មានកម្លាំងជំរុញ និង ខ្វះទំនុកចិត្ត ទើបលោកចេះតែមិនហ៊ាន។ លោកសម្ដែងអារម្មណ៍រំភើបដែល លោក ហួរ សុផល ផ្ដល់ឱកាសអោយខ្លួន និង អរគុណដល់គ្រួសារតារាកម្ពុជា ដែលធ្វើអោយលោកមានទីផ្សារក្រោយពេលក្លាយជាសមាជិក។ យ៉ាងណាមិញ លោកថាសមត្ថភាពខ្លួននៅមានកម្រិតនៅឡើយ ដែលតម្រូវអោយលោកត្រូវប្រឹងប្រែងហ្វឹកហាត់ច្រើនទៀត។ និស្សិតពេទ្យទើបបញ្ចប់ការសិក្សារូបនេះប្រកាសថា នឹងប្រឹងប្រែងអាជីពជាពិធីករ និង ចម្រៀងអោយជោគជ័យ ខណៈដែលការសម្ដែង និង ដើរម៉ូដ ក៏នឹងចាប់មិនអោយរបូត។