ក្រៅពីការងារសិល្បៈ កែវ វាសនា ចាយទុន២០ម៉ឺនដុល្លារ លើជំនួញផលិតផលកែសម្ផស្ស

  • តារា​ចម្រៀង​លោក ​កែវ ​វាសនា ​និងភរិយា​ បាន​ប្រកាស​​សម្ភោធ​​ក្រុមហ៊ុន​​គ្រឿង​​សម្អាង​​របស់​ខ្លួន​​ជាផ្លូវ​​ការ​ កាល​ពី​ពេល​ថ្មីៗ​​​ដោយ​​បាន​​ចាយ​ទុន​​ប្រមាណ​ ២០​ម៉ឺន​ដុល្លារ​។ ក្រុមហ៊ុន​​​​របស់​​តារា​​ចម្រៀង​​ល្បី​ឈ្មោះ​​រូបនេះ​​មាន​​ឈ្មោះ​​ថា ​Chy ​Chy lim​ Cambodia ​co​.,ltd​ ដែល​​មាន​​លក់​​គ្រឿង​​សម្អាង​ថែ​រក្សា​​សម្ផស្ស​​ប្រភេទ​ SCI ​ដែល​​ផលិត​​ផល​​ទាំង​​អស់​​របស់​​ក្រុមហ៊ុន​​នេះ​ មាន​​ការ​​ទទួល​​ស្គាល់​​ពី​គណៈ​​កម្មកា​រ​​ប្រយុទ្ធ​ប្រឆាំង​ផលិត​​ផល​​ក្លែង​​ក្លាយ​​យ៉ាង​​ត្រឹម​ត្រូវ​។


    អាជីវ​កម្ម​ដែល​ចាយ​ទុន​​ដ៏សន្ធឹក​​នេះ​ ក៏​បង្កើត​​ឡើង​​ក្នុង​​ចេតនា​ ​ដើម្បី​​ជម្រុញ​និង​​លើកស្ទួល​​ដល់ស្រី្តគ្រប់​​រូប​​ផង​ដែរ ​តាម​រយៈ​​ការ​ចុះ​​ឈ្មោះ​​ក្លាយ​​ជា​​តំណាង​​ចែក​ចាយ​​ផលិត​ផល​ សម្រាប់​​លក់​​តាម​​អនឡាញ​។ ដូច្នេះ​សុភាព​​ស្រ្តី​​ទាំង​​អស់​ មិន​ថា​​អ្នក​​ធ្វើការ​ ឬស្រី្តមេ​ផ្ទះ​​ក៏មាន​​លទ្ធភាព​ បង្កើត​​ចំនូល​ដោយ​ខ្លួនឯង​ មិន​ចាំ​​បាច់​​ពឹង​​ពាក់​​ចំនូល​ស្វាមី​​តែម្នាក់​​នោះ​​ទេ​។

    ឆ្លៀត​ក្នុង​ពិធី​នេះ​ តារា​ចម្រៀង​​រូបនេះ ​ក៏បាន​បញ្ជាក់​​ដែរ​ថា​ ដោយសារ​​តែ​មមាញឹក​​នឹង​​ការ​​បើក​​ក្រុមហ៊ុន​​នេះ​​ហើយ​ ទើប​​លោក​​ហាក់​ស្ងាត់​​បាត់​​ពី​អ្នក​​គាំ​ទ្រ​​អស់​​មួយ​​រយៈ​ យ៉ាង​​ណា​​លោក​​អះអាង ​មិន​​បោះ​បង់​​សិល្បៈ​​នោះ​​ឡើយ​ ទោះបី​មាន​​អាជីវកម្មផ្ទាល់​​ខ្លួន​​ធំ​​ដុំ​ក្តី​ ព្រោះ​​ដោយ​សារ​​អាជីព​​សិល្បៈ​​នេះ​​ហើយ​ ធ្វើឲ្យ​លោក​​មាន​​អ្វីៗ​​ដល់​​សព្វ​ថ្ងៃ ​។​

    តែ​យ៉ាង​ណា​សម្រាប់​ការចាកចេញ​​ពីមាតុភូមិ​​ទៅច្រៀង​​​នៅក្រៅ​​ប្រទេស​ លោក​​មិន​សូវ​ជា​មាន​ពេលដូច​​មុន​ទៀត​​នោះ​​ឡើយ​ ព្រោះរវល់​​និង​អាជីវ​​កម្ម ពិសេស​​គឺកូ​នតូច​​តែម្តង​ ដែល​លោក​​មិនអាច​​ទុក​​ភារៈ​​នេះ​ឲ្យ​ភរិយា​រ៉ាប់រង​​ម្នាក់​​ឯង​​នោះ​​ទេ​។

    ក្រៅពី​ក្រុមហ៊ុនថ្មី​​ដែល​​ទើប​​ប្រកាស​​បើក ​តារា​ចម្រៀង​​ប្រចាំ​​ផលិត​កម្មថោន ​និង​​ភរិយា​ក៏មាន​​អាជីវកម្ម​ផ្សេង​​​ទៀត​​ផង​ដែរ ​គឺការ​​រក​ស៊ី​​ដី​ឡូត៍​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង