បើទោះជាផលិតកម្មមួយនេះ មានតារាចម្រៀងកុងត្រាប្រុសស្រីសរុប១៥រូបក៏ អ្នកគ្រប់គ្រងនៅតែពេញចិត្តជ្រើសរើសយក តារាសំឡេងល្អថ្មីៗផ្សេងទៀត។ ទាំងអស់នេះជាឱកាសធ្វើអោយ ពន្លកសិល្បៈថ្មីៗមានការដុះសង្ឃឹមព្រោះវិថីដែលខ្លួនស្រឡាញ់ មានទីតាំងមួយជួយសម្រួលឱកាស។ កាលពីយប់ថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២០ ផលិតកម្មហ្គោល បានធ្វើពិធីជួបជុំតារាចម្រៀងប្រចាំផលិតកម្មខ្លួន ពិសារអាហារសាមគ្គី ប្រកបដោយបរិយាកាសរីករាយនាហាងមួយកន្លែង។

ការជួបជុំនេះដើម្បីបង្ហាញថាផលិតកម្មមានតារាផ្លូវការវ័យក្មេងស្រស់ស្អាត គាំទ្រនិងបន្តការងារជូនមេកើយ។ លោក យើង បូរិន្ទ អ្នកគ្រប់គ្រងទូទៅ បានអោយដឹងថា ផលិតកម្មយើងបានដំណើរការជិត២ឆ្នាំ មកហើយ ដោយមានបទចម្រៀងប្រមាណជិត១០០បទ ចរាចររួចទៅហើយនៅលើទីផ្សារចម្រៀង។ បទល្បីៗមានគេស្គាល់ដូចជា«កុំស្រឡាញ់ប្តីគេ»«ប្តីចាស់»«លួចស្រឡាញ់សុជាតា»«ភ្លៀងទៀតហើយ»«ច្បាស់អត់ថាទៅធ្វើបុណ្យ» និងបទមួយចំនួនទៀត។

ស្របពេលតារាយើងមានពេញដៃ ក៏នៅតែត្រូវការសមាជិកថ្មីៗ អោយតែមានសំឡេងល្អ សមត្ថភាពរូបសម្បត្តិសមរម្យ។ យើងអាចផលិតចម្រៀងបានអាស្រ័យលើមានការគាំទ្រទើបយើងមានថ្ងៃនេះ ។ ដូចនេះយើងមានតែខិតខំប្រឹងប្រែងផលិត ហើយរកអ្នកនិពន្ឋល្អៗរួមគ្នាសាងស្នាដៃបន្តទៀត។

លោក សុគន្ធ ដេវីដ ដែលកុងត្រាជាមួយផលិតកម្មនេះចំនួន៣ឆ្នាំ បានអះអាងថា ខ្លួនមានភាពកក់ក្ដៅ ដោយរយ:ពេលនៃការកុងត្រា មកទល់ពេលនេះ គឺផលិតកម្មមានការយកចិត្តទុកលើរូបលោកគ្រប់បទចម្រៀង មិនថាញាក់ ឬបទមនោសញ្ចេតនា ដែលធ្វើឲ្យសន្ទុះទីផ្សារចម្រៀងរបស់លោកឈានឡើង។
តារាវ័យក្មេង កញ្ញា អាង សុជាតា ហៅឈូឈូ ក៏បានកុងត្រាជាតារាចម្រៀងផ្ដាច់មុខ របស់ផលិតកម្មនេះផងដែរ។ នាងថាគ្រប់តារាកុងត្រាទាំងអស់ មានសិទ្ធិថត សម្ដែង និងដើរម៉ូដនៅក្រៅផលិតកម្មទាំងអស់ គឺលើកលែងតែច្រៀងមួយគត់ ដែលផលិតកម្មហាមប្រាម។ រយ:ពេលកន្លះឆ្នាំមកនេះ កញ្ញាទទួលបាន៥បទ ដោយក្នុងចំណោមបទទាំងនោះ ក៏មានបទមួយចំនួនផងដែរទទួលបានការគាំទ្រ៕











