ទំនប់​”គង្គា”​ពីធារា​សាស្រ្ត​បម្រើ​​វិស័យ​​​កសិក​ម្ម ក្លាយ​​​ជាទី​កម្សាន្តដ៏ពេញនិយម​​របស់អ្នក​ទេសចរ​​​នៅ​​​រដូវ​​​បុណ្យ​ភ្ជុំ​បិ​ណ្ឌ​​​

  • ទំនប់​ទឹក​គង្គា គឺជាប្រព័ន្ធធារាសាស្រ្តមួយដែលរាជរដ្ឋាភិបាលបានជួសជុលកែលម្អ សម្រាប់រក្សាទឹកស្រោចស្រពដំណាំស្រូវរបស់ប្រជាពលរដ្ឋ។ ទំនប់​មួយ​នេះមាន​ទីតាំង​ស្ថិត​ក្នុង​ ភូមិ​គោក​ពួច​ ឃុំ​តាំងក្រសាំង​ ស្រុក​ទឹក​ផុស​ ខេត្តកំពង់ឆ្នាំង​ មាន​ចម្ងាយ​ប្រមាណ​១០៥​គីឡូ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ និង​មាន​ចម្ងាយ​ប្រមាណ​២០​ គីឡូ​ ម៉ែត្រ​ពី​ទីរួម​ខេត្ត​កំពង់ឆ្នាំង​។​

    បើតាមការអះអាងរបស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ថាក្រៅពីមានប្រយោជន៍ សម្រាប់​រក្សាទឹកស្រោចស្រពដំណាំស្រូវ ទំនប់គង្គាក៏ជាកន្លែង​មុជទឹក​កម្សាន្ត​រីករាយ​មួយដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ជា​ពិសេស​គឺ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដែលមាន​ភ្ញៀវទេសចរណ៍​មក​លេង​រាប់​ម៉ឺននាក់ ​។

    គួរជម្រាបជូនថា ទំនប់គង្គា ឬប្រព័ន្ធធារាសាស្ត្រតាំងក្រសាំងនេះមានលទ្ធភាព ស្រោចស្រព​លើផ្ទៃដី​ស្រូវប្រាំងជាង ៦០ហិកតា និងស្រូវ​វស្សា​ជាង​១២​០០​​ហិកតា ។ បច្ចុប្បន្នប្រព័ន្ធធារាសាស្ត្រនេះ បានឋិតនៅក្រោមការថែទាំជាប្រចាំរបស់មន្ទីរ ធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំង។  ទំនប់​គង្គា ​បាន​កសាងឡើងនៅក្នុងអំឡុង​​ឆ្នាំ​១៩៧៦ ក្នុងសម័យកម្ពុជា ប្រជាធិបតេយ្យ (សម័យខ្មែរក្រហម) ​ដែល​គេ​ហៅថា « ទំនប់​តំបន់ » ប៉ុន្តែទំនប់​មួយ​នេះ​បាន​រង​ការខូចខាត​ដោយសារសង្រ្គាម ទើបរាជរដ្ឋាភិបាល​កម្ពុជាសហការ​ជាមួយដៃគូ​អង្គការក្រៅរដ្ឋាភិបាលបានធ្វើការ​​ជួសជុល កសាង​ទំនប់​នេះ​ឡើងវិញ ដើម្បីជា​ប្រ​យោ​ជ​ន៏​ទប់ទឹក​ស្រោចស្រព​ស្រូវ​ស្រែប្រាំង និង​ស្រូវ​ស្រែវស្សា​របស់​ប្រជាក​សិ​​ករ​នៅក្នុង​មូលដ្ឋាន​៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង