កំពង់ឆ្នាំង ៖នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១១គ្រួសារ និងចាស់ជរា ២២គ្រួសារ ស្ថិតក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី, លោកជំទាវ ផាត សុផាន្នី ស៊ុនសុវណ្ណារិទ្ធិ អនុប្រធានកិត្តិយសសាខា និងគណៈកម្មាធិការសាខាមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង និងអនុសាខាស្រុកកំពង់លែង។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ និងសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់ដែលបង្កផលប៉ះពាល់ផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋអស់ជាច្រើន។

លោកជំទាវ មានប្រសាសន៍ថា៖ “ការផ្តល់អំណោយមនុស្សធម៌នៅពេលនេះ គឺអនុវត្តភ្លាមៗតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពរៀបចំផ្ទះឡើងវិញត្រូវសាងសង់សំណង់ឱ្យបានរឹងមាំ និងមានភាពធន់នឹងអាកាសធាតុ ដើម្បីឱ្យមានភាពធន់មាំសមស្របទៅនឹងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន និងអនាគត”។

ទន្ទឹមនេះ លោកជំទាវក៏បានពាំនាំនូវសារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អដើម្បីជៀសផុតពីជំងឺដង្កាត់នានា ដោយរស់នៅត្រូវមានអនាម័យ ស្អាតជានិច្ច ពិសេសត្រូវការពារខ្លួនពីជំងឺមិនឆ្លងសំខាន់ចំនួន៤រួមមាន៖ ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃជាដើម ដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹងនិងការជក់បារី។ល។ ព្រមជាមួយគ្នានេះដែរសូមចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងកុំដុតសំរាមពាសវាលពាសកាល ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន។ ដោយឡែកក្មួយៗ ដែលជាស្ត្រីមានផ្ទៃពោះទាំងអស់សូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់គឺបួនដងយ៉ាងតិចមុននិងក្រោយពេលសម្រាល។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសាររងគ្រោះនីមួយៗរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស,ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ , និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។ដោយឡែកប្រជាពលរដ្ឋដែលរលំផ្ទះទាំងស្រុង ៣គ្រួសារទទួលបានថវិកា១លានរៀល ក្នុងមួយគ្រួសារ និង ៨គ្រួសារទៀតទទួលបាន ៥០ម៉ឺនរៀលក្នុងមួយគ្រួសារ ពីកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល៕


















