លោកស្រី ពេជ ចន្ទមុន្នី សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ ១៩ បានចុះសំណេះសំណាល និងផ្តល់កម្លាំងចិត្តដល់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ–១៩ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ–១៩ ដែលចូលរួមបំពេញបេសកកម្មលើកទី២ នៅមណ្ឌលចត្តាឡីស័កនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលលើកទី១ សហការជាមួយក្រសួង សុខាភិបាល នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងវិទ្យាស្ថានសុខភាពសាធារណៈ និង លើកទី២នេះសហការជាមួយក្រសួងសុខាភិបាល វិទ្យាស្ថានសុខភាពសាធារណៈសាលារាជធានីភ្នំពេញ និងអជ្ញាធរពាក់ព័ន្ធ ដែលមានសមាជិកចូលរួមចំនួន ១៥០ នាក់ និងយកសំណាកបានជាង ៤,០០០ សំណាក ។
លោកស្រី ពេជ ចន្ទមុន្នី តាងនាមឲ្យប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និង សម្តេចកិត្តិព្រិទ្ធបណ្ឌិត សូមថ្លែងអំណរគុណដល់ប្អូនៗដែលបានស្ម័គ្រចិត្តចូលរួមតាមការអំពាវរបស់ថ្នាក់ដឹកនាំកំពូល ដែលបានបំពេញការងារក្នុងពេលកន្លងមក និងកំពុងបន្តការងារយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនេងជំងឺកូវីដ–១៩ នេះ។
លោកស្រី ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណដល់ប្អូនៗ ជាគ្រូពេទ្យទាំងអស់ វិទ្យាស្ថានសុខភាពសាធារណៈ និងក្រសួងសុខាភិបាលដែលបានផ្តល់ការបណ្តុះបណ្តាលដល់ប្អូនទាំងចំណេះ និងជំនាញក្នុងការបំពេញបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងថ្លែងអំណរគុណដល់អជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងបេសកកម្មនេះ។
សូមបញ្ជាក់ថា ការសំណេះសំណាល និងផ្តល់កម្លាំងចិត្តដល់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ–១៩ បានធ្វើឡើងនៅមណ្ឌលចត្តាឡីស័កនៅពហុកីឡដ្ឋានជាតិអូឡាំពិកនៅល្ងាចថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០ក្រោមវត្តមាន លោកស្រី ពេជ ចន្ទមុន្នី សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ–១៩ និងជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ– ១៩ មន្ត្រីក្រសួងសុខាភិបាល អាជ្ញាធរក្រុមការងារ និងក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ–១៩៕