កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណី ជួញដូរគ្រឿងញៀនមួយករណីដកហូតបានជាង១៤គីឡូក្រាម និងឃាត់ខ្លួនមនុស្សចំនួន៣នាក់។
មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នៅចំណុចខារ៉ាអូខេ ផ្ទះលេខ៥៦ ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ។
ប្រភពដដែល បានអោយដឹងទៀតថា ជាលទ្ធផលនៃប្រតិបត្តិការ កម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ទី១៖ឈ្មោះ ម៉េង ឌី អាយុ២២ឆ្នាំ ទី២៖ឈ្មោះ ប៊ុនធឿន ធានី អាយុ២៣ឆ្នាំ និងទី៣៖ឈ្មោះ ជា ភារុណ អាយុ២១ឆ្នាំ ។ ជាមួយគ្នានោះដកហូតវត្ថុតាងបាន សារធាតុញៀនសរុប ជាង១៤គីឡូក្រាម រួមមាន សារធាតុញៀន មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៥,២២២.៨៣ក្រាម នីមេតាហ្សេប៉ាមទម្ងន់៨,៨២៩.៧២ក្រាម ស្មើនឹង៤៩,០៥៤គ្រាប់។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្ដតាមនីតិវិធី៕