កំពង់ឆ្នាំង ៖ កម្មការនីចំនួន១០៥នាក់បំរើការងារនៅរោងចក្រហីរ៉ាយហ្សិន ខេមបូឌាមានទីតាំង ស្ថិតក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលពាក់ព័ន្ធផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវិដ.19 ត្រូវក្រុមគ្រូពេទ្យចុះយកសំណាកនិងដាក់ឲ្យធ្វើចត្តាឡីស័ក នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កម្មករ កម្មការនីទាំង១០៥នាក់ ក្រោយពីយកសំណាកហើយ ត្រូវដាក់ពួកគាត់ឲ្យធ្វើចត្តាឡីស័ក នៅអគារមួយជាន់ទី៣ ក្នុងរោងចក្រហីរ៉ាយហ្សិន ខេមបូឌា នេះតែម្តង ។

លោកប្រធានមន្ទីរ បានឲ្យដឹងទៀតថា ពួកគាត់ជាអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាមួយស្រ្តីឈ្មោះ ហង់ ស៊ីម អាយុ៤២ឆ្នាំនិងកូនប្រុសរបស់គាត់ម្នាក់ទៀតឈ្មោះរៀម សារ៉ាក់ អាយុ១៨ឆ្នាំ ដែលមានវិជ្ជមានកូវីដ១៩ ។ ស្ត្រីឈ្មោះ ហង់ ស៊ីម និងកូនប្រុសរបស់គាត់ មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ៕