កំពង់ឆ្នាំង ៖ប្រព័ន្ធធារាសាស្ត្រកប់សេះ មានទីតាំងស្ថិតក្នុងភូមិឈូកល្រញ៉ាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ បច្ចុប្បន្នប្រព័ន្ធធារាសាស្ត្រមួយនេះ បានទាក់ទាញប្រជាពលរដ្ឋជិតឆ្ងាយ នាំគ្នាមកកម្សាន្តអារម្មណ៍ និងលេងទឹកដ៏ពេញនិយម ក្នុងរដូវដាក់បិណ្ឌជារៀងរាល់ឆ្នាំ ។

ដោយសារកំណើនប្រជាពលរដ្ឋទៅលេងកាន់តែច្រើន មន្ត្រីអាជ្ញាធរបានដាក់កម្លាំងប្រចាំការ ដើម្បីជួយសម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ការលក់ដូរ និងការពារសុវត្តិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អផងដែរ ។

ប្រព័ន្ធធារាសាស្ត្រកប់សេះ ជាទំនប់ស្ទាក់ទឹកសម្រាប់ស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករនៅទីនោះជាច្រើនហិកតា ។ នៅរដូវវស្សាមានទឹកហូរថ្លាឈ្វេង និងសម្រស់ធម្មជាតិអំណោយផល បានក្លាយជាកន្លែងលេងទឹក និងកម្សាន្តអារម្មណ៍ ដ៏មានប្រជាប្រិយភាពមួយថែមទៀតផង ៕
អត្ថបទ ហឹង ចូច,រូបថត សន គន្ធនិវឌ្ឍន៍


















