អ្នក​​មក​​លេង​​ខេត្ត​​កំ​​ពង់​​ឆ្នាំង​​ ក្នុង​​ឳកាស​​បុណ្យ​​ចូល​​ឆ្នាំ​​ខ្មែ​​រ​​ នឹង​​តម្រូវ​​ឱ្យ​​ធ្វើ​​ចត្តា​​ឡី​ស័ក​​១៤​ថ្ងៃ​​ និង យក​​​​​សំណាក​​​ទៅធ្វើ​​​តេស្ត​​

  • កំពង់ឆ្នាំង៖ ដើម្បីចូលរួមទប់ស្កាត់ឱ្យបានល្អការឆ្លងរាលដាលជំងឺកូដ១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ និង យកសំណាកទៅធ្វើតេស្ត ចំពោះប្រជាពលរដ្ឋដែលស្នាក់នៅ ឬធ្វើការនៅក្រៅខេត្តហើយវិលចូលមកលេងចូលឆ្នាំ នៅខេត្តកំពង់ឆ្នាំង នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ នេះបើយោងតាមសេចក្តីណែនាំស្តីពីការពង្រឹងវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និង ពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។

    ក្នុងសេចក្តីណែនាំនោះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសង្កត់ធ្ងន់ថា ក្នុងករណីមានបុគ្គលមិនព្រមធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមការណែនាំ អាជ្ញាធរមូលដ្ឋានមានភារកិច្ចអនុវត្តវិធានការរដ្ឋបាលស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

    រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏តម្រូវអោយអាជ្ញាធរឃុំ/សង្កាត់ / ភូមិ និង ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ត្រូវធ្វើបញ្ជីគ្រប់គ្រងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានច្បាស់លាស់ តើគ្រួសារនីមួយៗមានសមាជិកស្នាក់នៅអចិន្ត្រៃយ៍ប៉ុន្មាននាក់ ? សមាជិកចេញទៅធ្វើការឆ្ងាយប៉ុន្មាននាក់ ? នៅកន្លែងណាខ្លះ ? ពិសេសត្រូវស្រាវជ្រាវអ្នកដែលទៅធ្វើការនៅកន្លែងដែលមានហានីភ័យខ្ពស់ ជំងឺកូវីដ-១៩ ។

    ដោយឡែកក្នុងករណីមានបងប្អូនប្រជាពលរដ្ឋ នៅក្រៅមូលដ្ឋាន ដែលបានចូលមកដល់មូលដ្ឋានជាកង/ក្រុម ឬជា បុគ្គល ក្នុងគោល ដៅដើរទេសចរណ៍កំសាន្ត ឬ មកធ្វើបុណ្យចូលឆ្នាំជាដើម រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏ណែនាំអោយអាជ្ញាធរនិងសមត្ថកិច្ចនៅកន្លែងនោះ ត្រូវ គ្រប់គ្រងភ្លាម ធ្វើសម្ភាសន៍ពីទីកន្លែងរស់នៅ និង ទីកន្លែងដែលទៅដល់និងចាត់បញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ករបស់ខេត្ត ករណីរឹងទទឹងត្រូវអនុវត្តវិធានការច្បាប់ស្របតាមនីតិវិធី ។

    គួរបញ្ជាក់ថា វិធានការនេះ តម្រូវអោយអនុវត្តចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ រហូតដល់មានការណែនាំថ្មី៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង