កំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង ជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ឆ្នាំង ជូនដល់គ្រួសារសព ដែលបានស្លាប់ ក្នុងហេតុការណ៍គ្រោះអគ្គីភ័យមួយ កាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ នៅឃុំខុនរ៉ង ស្រុកបរិបូរណ៍ ។

ចំពោះអំណោយដែលឯកឧត្តម ឈួរ ច័ន្ទឌឿន នាំយកទៅប្រគល់ជូនដល់គ្រួសារសព នាពេលនោះរួមមាន អង្ករចំនួន១៥០ គីឡូក្រាម មី៦កេះ ត្រីខ៥០កំប៉ុង ទឹកសុទ្ធ៥កេះ ទឹកក្រូច៥កេះ ថវិកាសាខាចំនួន១ ០០០ ០០០ រៀល អនុសាខាស្រុកចំនួន៧០០ ០០០ រៀល និង ថវិការដ្ឋបាលខេត្តចំនួន៥ ០០០ ០០០ រៀល សរុបចំនួន ៦ ៧០០ ០០០រៀល និងបានជួយចាត់ចែងរៀបចំពិធីបុណ្យសពផងដែរ ។

គួរំលឹកថា មនុស្សប្រុសស្រីមួយគ្រួសារមានគ្នា៦នាក់ ទាំងកូនក្នុងផ្ទៃ បានស្លាប់ក្នុងភ្លក់ភ្លើង នៃករណីអគ្គិភ័យមួយដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២១ នៅឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បណ្តាលឲ្យឆេះផ្ទះមួយខ្នង ទំហំ៧គុណនឹង១២ម៉ែត្រ សង់ពីដែកប្រក់ស័ង្គសី ជាកម្មសិទ្ធិរបស់ឈ្មោះនន់ សារ៉េត ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ ម្ចាស់ផ្ទះឈ្មោះនន់ សារ៉េត បានរត់ចេញផុតពីអណ្តាតភ្លើង រីឯប្រពន្ធនិងកូនៗមិនអាចចេញមកបានដោយសារពួកគេដេកនៅជាន់ឡៅតឿ ។

នៅក្នុងឧប្បត្តិហេតុនេះ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបរិបូរណ៏ បានចេញរថយន្តពន្លត់អគ្គិភ័យ ចុះទៅជួយអន្តរាគមន៍ភ្លាមៗ ដោយបាញ់ពន្លត់ទឹកអស់៣រថយន្តទើបភ្លើងរលត់ទាំងស្រុង ។ ចំពោះមូលហេតុសមត្ថ កិច្ចបានសន្និដ្ឋានជំហានដំបូងថា បណ្តាលមកពីទុស្សេចរន្តអគ្គិសនី ។ ប៉ុន្តែសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីរកមូលហេតុពិត នៃការបង្កឲ្យមានករណីអគ្គិភ័យនេះកើតឡើង ៕