កំពង់ឆ្នាំង៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» ព្រមទាំងការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នាសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន និងមានការចូលរួមពី ឯកឧត្តម ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ព្រមទាំងក្រុមការងារក្រសួង ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត សរុបចំនួន ៣៦រូប។

គោលបំណងសំខាន់នៃកិច្ចប្រជុំតម្រង់ទិសនេះ គឺដើម្បីពង្រឹងសមត្ថភាព និងវិជ្ជាជីវៈរបស់មន្ត្រីព័ត៌មានក្នុងការប្រមូល វិភាគ និងគ្រប់គ្រងព័ត៌មាន ព្រមទាំងតាមដានសាធារណមតិឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ពិសេស កិច្ចប្រជុំបានផ្តោតលើការបន្តជំរុញយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់ការរីករាលដាលនៃព័ត៌មានមិនពិត ដែលអាចបង្កផលប៉ះពាល់ដល់សង្គម សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ក្នុងការបំពេញតួនាទីជាសេនាធិការលើវិស័យព័ត៌មាន និងសាធារណមតិ ជាពិសេសការចងក្រងបណ្តាញផ្សព្វផ្សាយព័ត៌មាននៅថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់។

ឯកឧត្តម ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់ថា ក្នុងយុគសម័យឌីជីថល ព័ត៌មានក្លែងក្លាយបាននិងកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ដែលទាមទារឱ្យមន្ត្រីព័ត៌មានទាំងអស់បង្កើនការយកចិត្តទុកដាក់ខ្ពស់លើការផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់មុននឹងធ្វើការផ្សព្វផ្សាយ។

ឯកឧត្តម បានស្នើឱ្យមន្ត្រីជំនាញប្រព័ន្ធផ្សព្វផ្សាយនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ខិតខំផលិតមាតិកាព័ត៌មានឱ្យបានច្រើនទម្រង់ និងមានគុណភាពខ្ពស់ ដើម្បីផ្សព្វផ្សាយជូនសាធារណជន ធានាបាននូវការទាក់ទាញ គុណតម្លៃ និងទំនុកចិត្តពីទស្សនិកជន និងប្រជាពលរដ្ឋ។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ត្រូវបន្តផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដើម្បីរួមចំណែកបង្កើត «ខែលការពារសុវត្ថិភាពព័ត៌មាន» និងកសាងសង្គមមួយដែលមានទំនួលខុសត្រូវក្នុងការប្រើប្រាស់ព័ត៌មាន៕អត្ថបទ ៖ហឹង ចូច,រូបថត ៖សន គន្ធនិវឌ្ឍន៍











