កំពង់ឆ្នាំង ៖ ខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិនាឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធធ្វើឡើងយ៉ាងមហោឡាឬកនាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមងធិបតីភាពឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ថ្ងៃ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ដល់ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០២០ គឺជាខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធឡើងដើម្បីរំឭកពីការទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ។
ការប្រារព្ធបុណ្យ ឯករាជ្យជាតិកម្ពុជា ប្រកបដោយមោទនភាព និងស្ថិតនៅក្នុងបរិបទកម្ពុជាពោរពេញទៅដោយសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងពលរដ្ឋខ្មែរពោរពេញទៅដោយសេចក្តីសុខ និងប្រទេសជាតិពោរពេញទៅដោយ ការអភិវឌ្ឍលើគ្រប់វិស័យ។ ប្រសិនបើកម្ពុជាមិនមានសុខសន្តិភាពទេនោះ ពលរដ្ឋខ្មែរក៏មិនអាចនឹងប្រារព្ធទិវាបុណ្យឯករាជ្យជាតិរបស់ខ្លួនក្នុងភាពសប្បាយរីករាយបានឡើយ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា វីរៈភាពដ៏អង់អាចក្លាហាននេះគឺជា វិរភាពគំរូដ៏ល្អសម្រាប់កូនខ្មែរជំនាន់ក្រោយក្នុងការកសាង ការពារបូរណភាព ក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាន នូវគុណូបការៈដ៏ថ្លៃថ្លារបស់វិរៈយុទ្ធជន និង យុទ្ធនារីនិងបងប្អូនប្រជាពលរដ្ឋយើងនៅគ្រប់ទិសទី ដែលបានពុះពារ ប្រយុទ្ធតស៊ូ ធ្វើពលីកម្ម អាយុជីវិត អង់អាចក្លាហានបំផុតដើម្បីសង្គ្រោះជាតិមាតុភូមិពីរបបប្រលយពូជសាសន៍ប៉ុលពតចេញពីភ្នក់ភ្លើងសង្គ្រាមព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងកិច្ចការពារទឹកដីដីនិងអធិបតេយ្យ សន្តិភាពសេរីភាពនិងវិបុលភាពជាតិ នៃព្រះរាជជាណាចក្រកម្ពុជា ។
កម្ពុជាប្រារព្វទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៧ នៅពេលនេះ គឺស្ថិតក្នុងបរិបទមួយដែលកម្ពុជា បានបង្ហាញកំណើនផ្នែកសេដ្ឋកិច្ទៅដល់ពិភពលោក និងប្រាប់ពិភពលោកថា កម្ពុជាគឺជារដ្ឋឯករាជ្យអធិបតេយ្យនិងបូរណភាពដែនដី មានសិទ្ធិពេញលេញក្នុងការចាត់ចែងវាសនាជាតិរបស់ខ្លួន និងមិនត្រូវបន្តព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ទៀតឡើយ ៕