អ្នកជំនាញ៖ ទឹកដោះម្តាយ​មានគុណ​តម្លៃ​​ ចំពោះ​សុខភាព​​និងការ​អភិវឌ្ឍន៍​សតិបញ្ញា​រ​បស់​កុមារ

លោកជំទាវសាស្ត្រាចារ្យ ទុង រដ្ឋាវី ទីប្រឹក្សាជាន់ខ្ពស់ក្រសួងសុខាភិបាល បានលើកឡើងថា  ​ទឹកដោះ​ម្តាយ ពិតជាមានគុណ​តម្លៃខ្លាំង​ណាស់ ចំពោះសុខភាព ការលូតលាស់ផ្នែករាងកាយ ការអភិវឌ្ឍន៍​សតិ​បញ្ញា​​ស្មារតីរបស់កុមារ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ការ​លើក​ឡើងបែបនេះ បានធ្វើឡើងនៅ ក្នុង​ពិធី​ប្រកាស​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូន នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។

លោកជំទាវសាស្ត្រាចារ្យ ទុង រដ្ឋាវី បន្តថា ភស្តុតាងវិទ្យាសាស្ត្របញ្ជាក់ច្បាស់ថា ការបំបៅ​កូនដោយ​​ទឹកដោះម្តាយភ្លាមអំឡុង​ម៉ោង​ដំបូង បន្ទាប់ពីសម្រាលអាចទប់ស្កាត់មរណភាពទារក​បានប្រហែល​​២០​ភាគរយ​​កុមារដែលបានទទួលការបំបៅដោយទឹកដោះម្តាយ​តែ​មួយ​​មុខគត់សម្រាប់រយៈ​ពេល៦ខែ​ដំបូង អាចកាត់បន្ថយជំងឺរាគរូស បាន១១ដង និងជំងឺរលាកសួតបាន១៥ដង បើប្រៀបធៀប​ជាមួយកុមារ ដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយ បានពេញលេញ។

ជាមួយគ្នានេះ លោក ហ៊ូ ក្រើន នាយអង្គការ Helen Keller ក៏បានលើកឡើងដែរ​ការសិក្សាស្រាវជ្រាវ​តាមបែបវិទ្យាសាស្ត្រ នៅ​ប្រ​​ទេ​ស​​​​ផ្សេង​​នាពេលកន្លងមក បានរកឃើញថាគម្រោងលើកកម្ពស់អាហារូបត្ថម្ភនិងការចិញ្ចឹមទារក​និងកុមារនៅតាមរោងចក្រ​​សហ​​គ្រាសនិងកន្លែងធ្វើការ មាន​ផលចំណេញ​​ច្រើនសម្រាប់ និយោជិត និងនិយោជក ។

លោក ហ៊ូ ក្រើន សង្កត់ធ្ងន់ថា ផលចំណេញ​​ទាំងនោះរួមមាន កាត់បន្ថយថ្លៃថែទាំសុខភាព​​សម្រាប់ម្ដាយ​និងកូន កាត់បន្ថយការ​អវត្ត​​មាន​​បុគ្គលិក បង្កើនផលិតភាពការងារ ធ្វើឲ្យបរិយាកាស​​នៅ​កន្លែងធ្វើការ​មានលក្ខណៈល្អប្រសើរ បុគ្គលិកស្ត្រីដែលបន្តការងាររយៈ​ពេលយូរ​មានអត្រាខ្ពស់ កម្មករ​មានការប្ដេជ្ញា​​ចិត្តខ្ពស់ក្នុងការធ្វើការងារ និងមានការកាត់បន្ថយការចំណាយលើការជ្រើសរើស និង​​ការបណ្ដុះបណ្តាល​និយោជក។

តាមរបាយការណ៍អង្កេតសុខភាព និងប្រជាសាស្ត្រកម្ពុជាឆ្នាំ២០២២នេះ បានបង្ហាញថា អត្រានៃការ បំបៅកូនដោយទឹកដោះម្តាយ​​តែ​មួយ​​​មុខគត់​នៅកម្ពុជាមាននិន្នាការបន្តធ្លាក់ចុះគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងពីអត្រា ៦៥ភាគរយ នៅឆ្នាំ ២០១៤ មកនៅត្រឹម៥១​ភាគរយ នៅឆ្នាំ ២០២២នេះ។

ប្រទេសកម្ពុជា បានប្តេជ្ញាចិត្តថានឹងបង្កើនអត្រាការបំបៅកូនដោយ ទឹកដោះម្តាយតែមួយ​​មុខគត់​សម្រាប់ទារក និងកុមារអាយុពី​សូន្យ​ដល់​​៦ខែ ឱ្យបានដល់៨៥ភាគរយ នៅឆ្នាំ២០៣០។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង