អ​ភិ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ ប្រាប់​មន្ត្រី​ឱ្យ​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​និង​ចូល​រួម​ទប់​ស្កាត់​ជំ​ងឺ​កូ​វីដ​-១៩​

  • កំពង់ឆ្នាំង៖ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានក្រើនរំឮកដល់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន អង្គភាពរដ្ឋនិងឯកជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យកាន់តែខ្ពស់ ក្នុងកិច្ចការពារទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន អង្គភាព និង ស្ថាប័នរបស់ខ្លួន។

    ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានម្រសាសន៍ទៅកាន់មន្ត្រីបែបនេះ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្របពេលដែលស្ថានភាពជំងឺកូវីដ១៩ នៅក្នុងខេត្តកំពង់ឆ្នាំង កំពុងបន្តកើនឡើងគួរឱ្យព្រួយបារម្ភ ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍បញ្ជាក់ថា នៅពេលនេះស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ឆ្នាំង បានផ្ទុះឡើង គួរឱ្យព្រួយបារម្ភបំផុត ពិសេសនៅក្នុងក្រុងកំពង់ឆ្នាំង ដែលបញ្ហានេះទាមទារឱ្យអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធទាំងអស់ធ្វើការតាមដានឲ្យបានជាប់ជាប្រចាំអំពីការវិវឌ្ឍន៍ថ្មី នៃការរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍នេះ ។

    ឯកឧត្តមបានបញ្ជាក់ទៀតថា កិច្ចការនេះគឺយើងមិនអាចធ្វើដាច់ដោយឡែកតែឯងបាននោះទេ គឺត្រូវចូលរួមអនុវត្តទាំងអស់
    គ្នា ដោយត្រូវបន្តធ្វើការផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ និង តាមឧបករណ៍បំពងសម្លេង អំពីវិធានការរបស់រដ្ឋបាលខេត្ត ឱ្យបានទូលំទូលាយ និងត្រូវចូលរួមអនុវត្តនូវសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគម៍របស់ខ្លួនឱ្យមានប្រសិទ្ធភាពបំផុត ។

    ចំពោះការធ្វើតេស្តរហ័ស គឺត្រូវតែធ្វើឱ្យបានទាន់ពេលវេលា ដោយមិនត្រូវបង្អង់នោះទេ ដើម្បីរកអ្នកវិជ្ជមាននិងអ្នកពាក់ព័ន្ធ ទើបយើងអាចទប់ស្កាត់បាន នូវការរីករាលដាលនៅក្នុងសហគមន៍នេះ។ជាមួយនេះក៏ត្រូវបង្កើនការចាក់វ៉ាក់សាំង ឱ្យបានលឿនផងដែរជូនប្រជាពលរដ្ឋ នៅតាមក្រុង ស្រុក របស់ខេត្តកំពង់ឆ្នាំង ។

    នៅក្នុងកិច្ចប្រជុំនេះផងដែរ ក៏ធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់ និង បទពិសោធន៍ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមភូមិសាស្រ្តដែលអនុវត្តបានល្អប្រសើរ ទប់ស្កាត់បានការរីករាលដាលនៅក្នុងសហគមន៍ និង ក្រុមគ្រួសារ ។ ដូចជាការទប់ស្ការការជួបជុំគ្នាផឹកស៊ី ការប្រមូលផ្តុំគ្នាច្រើន និង បង្កើនការពាក់ម៉ាស់ ការធ្វើអនាម័យ លាងសម្អាតដៃនិងសាប៊ូ ឬទឹកអាល់កុល និង ការរក្សាគម្លាតសុវត្ថិភាព ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង