បន្ទាប់ពីហ្វឹកហ្វឺនរយៈពេលពេញមួយខែរួចមក សិក្ខាកាមដែលមកកងយោធពលខេមរភូមិន្ទ និងក្រសួងមហាផ្ទៃ ចំនួន៣០នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញបោសសំអាតគ្រឿងផ្ទុះសម្រាប់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្រោមជំនួយរបស់ប្រទេសបារាំងប្រកបដោយជោគជ័យ។

នៅក្នុងពិធីបិទបញ្ចប់វគ្គហ្វឹកហ្វឺ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានលើកឡើងថា វគ្គហ្វឹកហ្វឺននេះ រៀបចំឡើងផ្តល់នូវចំណេះដឹងថ្មីៗ និងបំពេញបន្ថែមចំនុចខ្វះខាត សម្រាប់បង្កើនសមត្ថភាពដល់កម្លាំងយោធានិងនគរបាលឱ្យយលល់ដឹងពីនីតិវិធីបោសសំអាតគ្រឿងផ្ទុះមូលដ្ឋានក្នុងការសម្រេចបេសកកម្មទាំងថ្នាក់ជាតិ និងបេសកកម្មអង្គការសហប្រជាជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានបន្តថា វគ្គហ្វឹកហ្វឺនជំនាញបោសសំអាតគ្រឿងផ្ទុះ នេះ ជាការឆ្លើយតបនឹងវិធានការកែតម្រូវឱ្យប្រសើរមួយចំនួនរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ សំដៅពង្រឹងបេសកកម្មរក្សាសន្តិភាពឱ្យកាន់តែមានប្រសិទ្ធភាព និងដើម្បីបញ្ចៀសហានិភ័យឱ្យបានជាអតិបរមា។ការហ្វឹកហ្វឺនបង្កើនសមត្ថភាព និងការយល់ដឹងរបស់កងទ័ពមួកខៀវ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងប្រសិទ្ធភាពទៅនឹងតម្រូវការរបស់បេសកកម្ម ពិសេសការការពារជនស៊ីវិល ពីអំពើហិង្សានានា ដែលជាតួនាទីចម្បងរបស់កម្លាំងរក្សាសន្តិភាព ក្នុងគ្រប់តំបន់បេសកកម្ម។
គួរបញ្ជាក់ថា វគ្គហ្វឹកហ្វឺនជំនាញបោសសំអាតគ្រឿងផ្ទុះសម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការ និងហិរញ្ញប្បទានពីសាធារណរដ្ឋបារាំង។ គិតចាប់ពីឆ្នាំ២០០៩ រហូតមកដល់ឆ្នាំ២០២៣នេះ ប្រទេសបារាំងបានផ្តល់វគ្គហ្វឹកហ្វឺនដល់កម្ពុជា ទាំងក្នុង និងក្រៅប្រទេសសរុបចំនួន៨០វគ្គ ដែលមានសិក្ខាកាមជាង១៧០០នាក់ ។ វគ្គហ្វឹកហ្វឺនទាំងនោះរួមមាន ជំនាញបោសសំអាតមីន កម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (EOD) ប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃ (IED) វគ្គនាយទាហានសេនាធិការ សង្កេតការណ៍យោធា វគ្គ GPS បំប៉នផ្នែក Computer សង្គ្រោះបឋម អាវុធហត្ថ ដឹកជញ្ជូនគ្រឿងផ្ទុះ បំប៉នផ្នែកភាសាបារាំងជាដើម។





