កំពង់ឆ្នាំង ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំងដឹកនាំដោយឯកឧត្តមអម សុភា អភិបាលរងខេត្ត សហការជាមួយនិងមន្ទីរសុខាភិបាលខេត្ត និង អាជ្ញាធរក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះបាញ់ថ្នាំសម្លាប់មេរោគ នៅផ្សារលើនិងធ្វើការអប់រំផ្សព្វផ្សាយ អំពីវិធានការការពារ ជំងឺកូវិដ១៩ដល់ប្រជាពលរដ្ឋ ឲ្យចូលរួមទប់ស្កាត់ទាំងអស់គ្នា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ។
លោក គង់ ច័ន្ទធា ប្រធានការិយាល័យបង្ការ និង គ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការចុះផ្សព្វផ្សាយអប់រំនេះគឺក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋទាំងអស់ស្វែងយល់អំពីវិធានការនានាដែលក្រសួងសុខាភិបាល បានណែនាំនិងឲ្យប្រជាពលរដ្ឋចួលរួមធ្វើអនាម័យឲ្យបានស្អាតជាប្រចាំ ដើម្បីទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ១៩នេះ ។
លោកបានបញ្ជាក់ទៀតថា ការបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារលើ ខេត្តកំពង់ឆ្នាំងនេះ គឺធ្វើឡើងដើម្បីកាត់បន្ថយនៃការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ។ ហើយកិច្ចការនៃការបាញ់ថ្នាំសម្លាប់មេរោគនេះ នឹងធ្វើនៅគ្រប់ទីកន្លែងប្រជុំជនដែលផ្តោតសំខាន់ នៅតាមផ្សារនានានិងតាមទីរសាធារណៈនានាក្នុងខេត្ត ។
ឯកឧត្តម អម សុភា ភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា ដើម្បីឲ្យការអនុវត្តន៍នូវវិធានការណ៍នានា របស់រាជរដ្ឋាភិបាលនិង អាជ្ញាខេត្តមានប្រសិទ្ធិភាព ក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩នោះ គឺទាល់តែយើងទាំងអស់គ្នាចូលរួមឲ្យបានសកម្មបំផុត ដោយយកវិធានការណ៍អនាម័យអនុវត្តជាប្រចាំ ក្នុងការរស់នៅប្រចាំថ្ងៃ ដូចជាលាងដៃ និងសាប៊ូ អាល់កុល បានញឹកញាប់ ពាក់ម៉ាស់និងត្រូវអនុវត្តនូវគម្លាតសុវត្ថិភាព បើសិនជាមិនចាំបាច់កុំចេញទៅក្រៅ ។
ឯកឧត្តម អម សុភា បញ្ជាក់ថា យើងមិនត្រូវភ្លេចខ្លួននោះទេ ហើយជាពិសេសត្រូវប្រុងប្រយ័ត្ន និង ចូលរួមអនុវត្តវិធានអនាម័យ និងវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានទ្វេរដងបន្ថែមទៀត ដើម្បីសុវត្ថិភាពខ្លួនឯង និង សង្គមជាតិ ។ ជំងឺកូវីត១៩ វាមិនត្រឹមតែបង្ករឲ្យមនុស្សឈឺ និង សម្លាប់ប៉ុណ្ណោះទេ តែវាក៏បានបំផ្លាញសេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ ៕