បុរសជាជាងធ្វើឡានម្នាក់ កំពុងតែជួសជុលរថយន្ត បានឆ្លងចរន្តអគ្គិសនីឆក់រងរបួសធ្ងន់ ក្រោយមកបានបាត់បង់ជីវិតខណ:បញ្ជូនទៅមន្ទីរពេទ្យ ។ ករណីគ្រោះថ្នាក់ដោយខ្សែភ្លើងឆក់នេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិផ្លូវសៀម ឃុំគយមែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯកស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថាជនរងគ្រោះក្នុងករណីខ្សែភ្លើងឆក់ឈ្មោះ នាង ណយ ភេទប្រុសអាយុ ៣០ ឆ្នាំនៅភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គល បូរី ខេត្តបន្ទាយមានជ័យ ជាជាងធ្វើឡាន ។លោកអធិការបានបញ្ជាក់ថា មូនពេលកើតហេតុជនរងគ្រោះ បានមកស៊ីឈ្នួលធ្វើឡានឲ្យឈ្មោះជៀង តឿន ភេទប្រុសអាយុ ៤១ឆ្នាំ នៅភូមិផ្លូវសៀម ឃុំគយមែង ស្រុកមង្គលបូរី នៅពេលធ្វើឡាន និងផ្សារដែកឡានរួច ជនរងគ្រោះក៏បានដើរទៅដកព្រីភ្លើងហើយបានឆ្លងចរន្តអគ្គីសនីឆក់ជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះភ្លាមៗ តែជាអកុសលជនរងគ្រោះបានស្លាប់ក្នុងពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ៕