កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរាយ គណៈប្រតិភូដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណប្រតិភូអញ្ជើញចុះត្រួតពិនិត្យកាងារសាងសង់ហេដ្ឋារចនាសម្ពន្ធមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ក្នុងដំណើទស្សនកិច្ចនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។
ក្នុងដំណើរត្រួតពិនិត្យនេះ ត្រូវបានទទួលស្វាគមន៍ ដោយឯកឧត្តម នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឧត្តមសេនីយ៍នាយទាហានជាន់ខ្ពស់នៃកងរាជអាវុធហត្ថ ជាច្រើនរូបផងដែរ។
ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបទបង្ហាញជូនគណៈប្រតិភូអំពីការសាងសង់ទីលាន បាញ់គ្រាប់ពិត ឃ្លាំងគ្រាប់ ឃ្លាំងអាវុធ ស្ថានីយ៍ផលិតទឹកស្អាតទី២ ឃ្លាំងភស្តុភាបច្ចេកទេស ទីតាំងមណ្ឌលពហុសិក្សា អគារទីចាត់ការ អាងស្តុកទឹក វេទិកា ការសិក្សារបស់សិក្ខាកាម និង អគារស្នាក់នៅ ។
ហេដ្ឋារចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរាយ ចាប់ផ្តើមដំណើរការសាងសង់ពីឆ្នាំ២០១៣ ក្នុងផ្ទៃដៃប្រមាណ៥០០០ហិចតា និង បានដំណើរការសាងសង់រហូតមកទល់នឹងពេលនេះ សម្រេចតាមផែនការដែលបានគ្រោងទុក នឹង បញ្ជប់ការសាងសង់នៅឆ្នាំ២០២២ខាងមុខ ហើយមជ្ឈមណ្ឌលហ្វឹកហ្វឺននេះ នឹងក្លាយជាកន្លែងហ្វឹកហ្វឺនដ៏ធំសម្រាប់កងរាជអាវុធហត្ថ និង កងយោធពលខេមរភូមិន្ទ ហើយក៏ជាកន្លែងសម្រាប់ការប្រកួតបាញ់កាំភ្លើងអាស៊ាន នៅក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកីឡា SEA Game ឆ្នាំ២០២៣ខាងមុខផងដែរ ៕