កំពង់ឆ្នាំង ៖ កន្លែងលាងសំអាតដៃនៅក្នុងវិទ្យាល័យព្រះបាទសុរាម្រឹត ដែលកសាងឡើងដោយអតីតសិស្សវិទ្យាល័យព្រះបាទសុរាម្រឹត ឆ្នាំសិក្សា១៩៨៨ ត្រូវបានប្រគល់ជូនដល់សាលាសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្រោយពីបានសាងសង់រួចរាល់ ។
ពិធីប្រគល់នេះគឺធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកជំទាវឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿនភរិយាឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ។
លោកនាយកសាលាវិទ្យាល័យព្រះបាទសុរាម្រឹត បានឲ្យដឹងថា កន្លែងលាងសំអាតដៃនេះ គឺបានកសាងឡើងដោយមូលធិរបស់អតីតសិស្សវិទ្យាល័យព្រះបាទសុរាម្រឹត ជាសិស្សមធ្យមសិក្សាទុតិយភូមិឆ្នាំ១៩៨៨ ដែលបានផ្តួចផ្តើមឡើងដោយលោកជំទាវឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿនភរិយាឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោក កាំង លាង រស់នៅរាជធានីភ្នំពេញ ហើយការសាងសង់កន្លែងលាងសំអាតដៃនេះ បានចំណាយថវិការអស់ចំនួន១ ៧០០ដូល្លា ។
លោកជំទាវ ឈឹម ស្រីមុំ ឈួរច័ន្ទឌឿន ភរិយាឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ដើម្បីរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍន៍សាលា អតីតសិស្សរួមជំនាន់បានធ្លាប់រៀនសូត្រនៅទីនេះ បានរួមគំនិតគ្នា កៀងគរនូវថវិកា រៀបចំសាងសង់កន្លែងលាងសំអាតដៃនេះឡើងដើម្បីឲ្យសិស្សានុសិស្សបានលាងសំអាតដៃជាប្រចាំ និង ដើម្បីចូលរួមអនុវត្តវិធានការអនាម័យតាមការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ ។
លោកជំទាវបានឲ្យដឹងទៀតថា ដើម្បីធានាបាននូវសុវត្ថិភាព និង អនុវត្តតាមកាណែនាំរបស់ក្រសួងអប់រំ ក៏ដូចជាក្រសួងសុខាភិបាល ទាល់តែនៅតាមសាលាមាន កន្លែងអនាម័យបានត្រឹមត្រូវ ។ ដោយមើលឃើញអំពីសារៈសំខាន់នេះ សិស្សរួមជំនាន់ទាំងអស់បានរួមគំនិតគ្នាកសាងជូនដល់សាលាវិទ្យាល័យព្រះបាទសុរាម្រឹតតែម្តង ។ នេះគឺជាសកម្មភាពមួយក្នុងការចូលរួមកិច្ចការសង្គមជាមួយរាជរដ្ឋាភិបាល ក្នុងកាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។
នៅក្នុងឱកាសនៃការប្រគល់កន្លែងលាងសំអាតដៃនេះ អតីតសិស្សឆ្នាំ១៩៨៨ បានផ្តល់បន្ថែម ម៉ាស់ ជែលលាងដៃ ម៉ាស៊ីនវាស់កំដៅនិង គ្រែពេទ្យចំនួន២ដល់នាយកសាលាសម្រាប់ប្រើប្រាស់នៅក្នុងសាលាផងដែរ ៕