កំពង់ឆ្នាំង៖ ដោយសារតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យរថយន្ត២គ្រឿងបុកគ្នាពេញមួយទំហឹង គៀបជាប់អ្នកបើកបរម្នាក់ជាប់នៅក្នុងការប៊ីន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើត ឡើង កាលពីវេលាម៉ោងជាង៨ព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិ លេខ៥ ក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

នៅកន្លែងកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តស្ទូចមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាពណ៌ស ពាក់ស្លាក់លេខ ព្រះស៊ីហនុ 3A -7277 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង នៅពេលជិតមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនវិរៈប៊ុនថាំ ពាក់ស្លាកលេខ ភ្នំពេញ 3F-4851 បើកបរដោយឈ្មោះនួនសុខឿន ភេទប្រុសអាយុ៤២ឆ្នាំ រសនៅក្នុងភូមិប្រស្និប ឃុំប្រស្និប ស្រុកអង្គស្នួលខេត្តកណ្តាល ទិសដៅស្របទិសគ្នាជាមួយនិងរថយន្តស្ទូច ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅពេលមកដល់ចំណុចកើតហេតុ រថយន្តដឹកទំនិញរបស់ក្រុមហ៊ុនវិរៈប៊ុនថាំ បានបើកជែងក្នុងល្បឿនលឿន ក៏វ៉ាក់និងគោយន្តកន្រ្តៃមួយគ្រឿងដែលធ្វើដំណើរច្រាស់ទិសគ្នា រួចបានទាញចង្កូតចូលវិញក៏ជ្រុលទៅបុករថយន្តស្ទូច ពីក្រោយពេញមួយទំហឹង បណ្តាលឲ្យរថយន្តស្ទូចក្រឡាប់ផ្ងាជើងតែម្តង ។ ចំណែកអ្នកបើកបររថយន្តវិរៈប៊ុនថាំ បានរងរបួសដោយគៀបជាប់ក្នុងកាប៊ីនរថយន្ត ហើយត្រូវបានប្រជាពលរដ្ឋ និង សមត្ថកិច្ចជួយសង្រ្គោះ ។
ក្រោយពេលកើតហេតុរមធ្យោបាយបង្ករទាំងពីរត្រូវបានយកទៅរក្សាទុកនៅការិយល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕