កំពង់ឆ្នាំង ៖ឃាតកដែលយកកាំបិតអារក សម្លាប់ប្រពន្ធទាំងកណ្តាលយប់នៅស្រុកទឹកផុសនោះ នៅពេលនេះសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ស្រាវជ្រាវចាប់ខ្លួនបានហើយ កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោយពីបានគេខ្លួនអស់រយៈពេលជាង២ខែ ។
លោកឌុច ចំរើន ប្រធានការិយាល័យកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ជនសង្ស័យជាឃាតកមានឈ្មោះ ម៉ី ម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ រីឯជនរងគ្រោះមានឈ្មោះ អឿន រ៉េន ភេទស្រី អាយ៣៣ឆ្នាំ មានលំនៅក្នុងភូមិ ឃុំខាងលើ ។
លោកឌុច ចំរើនបានឲ្យដឹងថា ស្ត្រីរងគ្រោះជាស្ត្រីមេម៉ាយមានកូន២ ក្រោយមកបានទំនាក់ទំនងជាមួយជនសង្ស័យនិងបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធរយះពេលជាង១ឆ្នាំ មានកូនម្នាក់បន្ថែមទៀត ។
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ប្តីប្រពន្ធទាំងពីរនាក់នេះ បានទាស់សំដីគ្នា នៅផ្ទះបងប្អូនខាងស្រ្តីរងគ្រោះ ពេលនោះស្រ្តីរងគ្រោះបាន គប់បុរសជាជនសង្ស័យនឹងទូរស័ព្ទផងដែរ ។លុះមកដល់យប់ថ្ងៃទី២៤ ខែមករានៅពេលមកដល់ផ្ទះវិញកូនតូចមានអាយុ១ខួបបានយំឃ្លានបៅហើយបុរសជនសង្ស័យបានដាក់ទឹកដោះគោឲ្យកូនបៅនិងបាននិយាយប្រាប់ទៅកូនថាចាប់ពីពេលនេះប៉ាឈប់លែងបានបំបៅកូនទៀតហើយដោយសារម្តាយឯងមានប៉ាថ្មី ។ ស្រ្តីរងគ្រោះឮដូចនេះក៏ធាក់ជនសង្ស័យមួយជើងបណ្តាលឲ្យដួលផ្ងាកក្រោយរួចស្រ្តីរងគ្រោះដេកដូចធម្មតាវិញ ។ ដោយសារតែខឹងនឹងស្រ្តីរងគ្រោះធាក់ក៏ស្ទុះទៅយកាំបិតដែលសៀតនឹងជញ្ជាំងមកអារ.កស្រ្តីរងគ្រោះរហូតដល់ស្លាប់តែម្តង ។
លោកឌុច ចំរើនបានឲ្យដឹងទៀតថា ក្រោយពីសម្លាប់ជនរងគ្រោះរួចជនសង្ស័យបានគេចខ្លួនចេញពីខេត្តកំពង់ឆ្នាំងទៅខេត្តផ្សេងទៀតដោយដេកតាមផ្ទះសំណាក់ម្តងខេត្តនេះម្តងខេត្តនោះ រហូតដល់ថ្ងៃទី២៩ ខែមីនា ជនសង្ស័យបានវិលចូលមកខេត្តកំពង់ឆ្នាំង វិញដោយបានមកដេកនៅផ្ទះសំណាក់មួយនៅក្នុងភូមិទួលក្រឡាញ់សមត្ថកិច្ចដឹងបានដាក់កម្លាំងចាប់បានតែម្តង ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕