កណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ អមដំណើរដោយលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងក្រុមការងារ បានចុះពិនិត្យ និងបញ្ជាឱ្យមានការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ជាមួយនឹងក្រុមគ្រួសាររបស់លោកស្រី អៀម ធីតា ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ និងជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅមណ្ឌលចត្តាឡីស័ក ស្រុកកណ្តាលស្ទឹង។
ជាមួយគ្នានោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក៏បានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ បើបានដឹងខ្លួនថាមានជាប់ពាក់ព័ន្ធ សូមទៅធ្វើតេស្ត និងមិនត្រូវមានការភ័យខ្លាចជ្រុល ឬជ្រួលច្របល់នោះឡើយ។
គួរបញ្ជាក់ថា ស្រ្តីជនជាតិខ្មែរឈ្មោះ អៀម ធីតា អាយុ៣៥ឆ្នាំ មានអាសយដ្ឋាននៅក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទៅហាងPedro នៅថៃ្ងទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅថ្ងៃទី៨ ខែធ្នូ ក្រសួងសុខាភិបាល បានប្រកាសថា លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់លោកស្រី អៀម ធីតា គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់អោយសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕