កំពង់ឆ្នាំង ៖ អ្នកដែលពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តកំពង់ឆ្នាំង ទាំង២៣០នាក់ ទទួលបានលទ្ធផលធ្វើតេស្តលើកទី១ «អវិជ្ជមាន» ទាំងអស់។ នេះបើតាមការបញ្ជាក់ពីលោកប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងចំណោមអ្នកពាក់ព័ន្ធទាំង២៣០នាក់ ដែលទទួលបានលទ្ធផល «អវិជ្ជមាន» លើកទី១នេះ រួមមាន៖ លទ្ធផលបង្ហាញនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ មានចំនួន១៦២នាក់ ក្នុងនោះមានម្នាក់ ពាក់ព័ន្ធនឹងមិត្តស្រីខ្លួនមកពីភ្នំពេញ នាំទៅដើរលេងនៅស្រុកកំពង់ត្រឡាច ។ លទ្ធផលបង្ហាញនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ មានចំនួន៦៨នាក់ ។

សូមជម្រាបថា ព្រឹត្តិការណ៍ស្វែងរកអ្នកពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩ បានធ្វើឡើងបន្ទាប់ពី កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មានពលរដ្ឋ២នាក់ប្ដីប្រពន្ធ មកពីរាជធានីភ្នំពេញ បានមើលចំការរបស់ពួកគេ ស្ថិតនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ដោយពួកគេទាំង២ នាក់មានផ្ទុកមេរោគកូវីត-១៩ រួចទៅហើយ។ អ្នកទាំងពីរ មានទីលំនៅផ្ទះលេខ 91F ផ្លូវ ២០៨ បុរីវិមានភ្នំពេញ ស្ថិតក្នុងភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវក្រសួងសុខាភិបាលប្រកាសថា ឆ្លងកូវីដ១៩ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

ករណីមួយទៀត កើតឡើងកាលពីថ្ងៃទ២៤ ខែមីនា ឆ្នាំ២០២១ ដែលស្ត្រីឈ្មោះ ហីន ថាញ់សុធា អាយុ២៨ឆ្នាំ ដែលមានវិជ្ជមានជំងឺកូវីដ១៩ រស់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាននាំមិត្តប្រុសរបស់ខ្លួនជាអ្នកខេត្តកែប ទៅលេងស្រះចិញ្ចឹមត្រីរបស់បងស្រីខ្លួន ស្ថិតនៅក្នុងភុមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕