កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤និង២០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលលង្វែកដឹកនាំដោយលោកសៀង សុង អធិការរងទទួលការងារប្រឆាំងគ្រឿងញៀនស្រុក បានចុះបង្ក្រាបជាក់ស្ដែងករណីផ្តល់ទីតាំង ជួញដូរ និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះមាស ផាន់ណា ភេទប្រុស និង ផ្ទះរបស់ឈ្មោះ សយ ចិត្រា ភេទប្រុស ស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ចំពោះលទ្ធផលនៃប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ។ ១.ឈ្មោះមាស ផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ រស់នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាម្ចាស់ផ្ទះ ។ ២.ឈ្មោះសយ ចិត្រា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់នៅក្នុងភូមិ ឃុំជាមួយគ្នា ជាម្ចាស់ផ្ទះ ។ ៣.ឈ្មោះផាន តារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិឃ្លាំងប្រាំ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងបានមានថ្នាំញៀនចំនួន២កញ្ចប់,កាំភ្លើងកែឆ្នៃចំនួន២ដើម,សម្ភារៈវេចខ្ចប់និង ឧបករណ៍ជក់មួយចំនួនផងដែរ ។
ជនសង្ស័យកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕