កំពង់ឆ្នាំង៖ រដ្ឋបាលស្រុកកំពង់លែង នៅព្រឹកថ្ងៃទី១៦ ខែឧសភានេះ បានចុះពិនិត្យរៀបចំសម្អាតវិទ្យាល័យ ហ៊ុន សែន កំពង់លែង ត្រៀមទុកធ្វើជាមណ្ឌលសម្រាកព្យាបាលមានវិជ្ជមានមេរោគកូវីដ.១៩ នៅក្នុងស្រុក និងមកពីក្រៅស្រុក។ ការចុះរៀបចំសម្អាតវិទ្យាល័យ ហ៊ុន សែន កំពង់លែង នេះ មានការចូលរួម កងកម្លាំងនគរបាល កងរាជអាវុធហត្ថ មន្រ្តីរាជការក្នុងរដ្ឋបាលស្រុក សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំពង់លែង សមាជិក សមាជិកា យុវជនស្រលាញ់សន្តិភាព ស្រុកកំពង់លែង និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់លែង ។

លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង បានអោយដឹងថា ការចុះពិនិត្យរៀបចំសម្អាតវិទ្យាល័យ ហ៊ុន សែន កំពង់លែង ត្រៀមទុកធ្វើជាមណ្ឌលសម្រាកព្យាបាលមានវិជ្ជមានមេរោគកូវីដ.១៩ នេះ គឺក្រុមការងារបានរៀបចំបោសសម្អាត អាគារចំនួន២ ស្មើនិង ៤០បន្ទប់ ពិនិត្យប្រព័ន្ធភ្លើង និងប្រព័ន្ធទឹកជាដើម។

លោកអភិបាលស្រុក ក៏បានថ្លែងការអរគុណដល់កងកម្លាំងនគរបាល កងរាជអាវុធហត្ថ មន្រ្តីរាជការក្នុងរដ្ឋបាលស្រុក សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំពង់លែង សមាជិក សមាជិកា យុវជនស្រលាញ់សន្តិភាព ស្រុកកំពង់លែង និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ទាំងអស់ដែលកន្លងមកតែងតែចូលរួមជាច្រើនក្នុងការងារសង្គមដូចជា ការងារផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៃការរីករាលដាលជំងឺកូវីដ.១៩ និងការងារសប្បុរសធម៌ ទាំងកម្លាំងកាយ និងថវិកា ៕


