អគ្គិភ័យ​​​ឆេះរោង​ចក្រ​មួយ នៅ​​តំបន់​សេដ្ឋកិច្ច​​​ពិសេស​ 7NG បណ្ដាល​ឲ្យ​​​កម្មករ​​ម្នាក់រ​​ង​របួស​​

  • រោងចក្រខ្សែភ្លើងឃ្យុងស៉ីង ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្ថិតនៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានអគ្គិភ័យឆាបឆេះ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ។

    របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះ កម្លាំងជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ ស្រុកខ្សាច់កណ្ដាល បានប្រើរថយន្តពន្លត់អគ្គិភ័យស្រុកខ្សាច់កណ្ដាល០១គ្រឿង និងឡានទឹក (7NG) ចំនួន០២គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន២៥គីប ទើបរលត់ទាំងស្រុង។

    សមត្ថកិច្ចបានបញ្ជាក់ទៀតថា អគ្គិភ័យនេះបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីនៅក្បែររោងបាយ ហើយបានឆាបឆេះផ្នែករោងម៉ាស៊ីន រហូតដល់រោងបាយ តែមិនឆេះចូលកន្លែងកម្មករធ្វើការឡើយ។ ប៉ុន្ដែក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យកម្មករម្នាក់រងរបួសស្រាលឈ្មោះភឹម រដ្ឋា អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល។

    ដោយឡែក ទំហំនៃការខូចខាតវិញ រួមមាន ម៉ាស៊ីនភ្លើងធំចំនួន០១គ្រឿង, ម៉ាស៊ីនស្កេនក្រយ៉ៅដៃ១៥គ្រឿង, តុបាយ, កៅអី និងកង្ហាមួយចំនួនផងដែរ។ បើតាមសេចក្ដីរាយការណ៍ រោងចក្រនេះមានម្ចាស់ឈ្មោះចាង សាងហូ អាយុ៤៦ឆ្នាំ ជាជនជាតិកូរ៉េខាងត្បូង ហើយក្នុងរោងចក្រនេះ មានកម្មករដែលកំពុងធ្វើការ ចំនួន១,៦៧៥នាក់ ស្រី១,៣១៨នាក់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង