សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្ត និងជំរុញដល់អ្នកវិនិយោគបង់ក្លាដែស មកវិនិយោគ​សាងសង់ឃ្លាំង និងម៉ាស៊ីនកិនស្រូវនៅកម្ពុជា

  • ប្រ​មុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​​លើ​ក​​ទឹ​ក​ចិត្ត​​ឱ្យវិនិយោ​គិនបង់​ក្លាដែស មក​សាង​សង់​ឃ្លាំង និង​បំ​ពាក់​​ម៉ាស៊ីន​កិន​ស្រូវ ហើយ​ប្រមូល​ទិ​ញ​​ស្រូវ​ដោយ​ផ្ទាល់ពី​ប្រជាជនកម្ពុជា ដើម្បី​នាំចេញទៅកាន់​ប្រទេស​បង់ក្លាដែស​ដោយ​​តម្លៃ​ស​ម​​ស្រប។
    នេះ​​បើ​យោង​តាមការឱ្យដឹង​របស់ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការ​សម្ដេចតេជោ ប​ន្ទា​ប់ពីសម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នា​យក​រដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​កម្ពុជា បា​នអនុញ្ញាតឱ្យ ឯកឧត្ដម Muhammad Faruk Kan ប្រធានគណកម្មាធិការអចិន្ត្រៃយ៍ ទទួ​ល​បន្ទុ​ក​កិច្ច​ការ​អន្តរជាតិ​នៃសភាបង់ក្លាដែស ចូលជួប​សម្ដែង​ការគួរសម និងពិភាក្សា​ការ​ងារ នា​រ​សៀ​​លថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅ​​វិមាន​​សន្តិ​​ភាព ក្នុង​ខណៈ​ដែល​ឯកឧត្ដម​ដឹក​​នាំគណៈ​​ប្រ​តិ​ភូ​មក​បំពេញ​ទ​ស្សកិច្ច​នៅកម្ពុជា។

    ឯក​ឧត្តម Muhammad Faruk Kan បាន​ជម្រា​ប​ជូន​សម្តេច​តេជោ អំពី​ជំនួបពិភាក្សា​​ប្រកបដោយ​ផ្លែ​ផ្កា​ជាមួយ​នឹង​ភាគី​​សភា​​កម្ពុ​ជា​ ហើ​យ​ក្នុង​កិច្ចពិ​ភាក្សា​គ្នានេះ ក៏​បាន​ជំរុញ​និងពង្រឹង​ទំនាក់ទំនង រវាង​សភានៃ​ប្រទេស​​ទាំង​ពីរ​ផង​ដែរ។ ឯកឧត្តម​បាន​លើក​ឡើង​ថា នៅឆ្នាំ​២០​២០​នេះ កម្ពុជា ​នឹង​​ដឹ​ក​​នាំ​ប្រជុំ​កំពូ​លអាស៊ី-អឺរ៉ុប (ASEM) ហើយលោកជំទាវ នាយក​រដ្ឋមន្ត្រីបង់ក្លាដែស អាចនឹង​ម​ក​​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា​នៅ​ពេល​នោះ ដើម្បី​ចូលរួមនៅក្នុង​កិច្ចប្រជុំនេះ។


    ជា​ការ​ឆ្លើយ​តប សម្ដេច​តេជោ ហ៊ុន សែន បា​ន​សម្ដែង​នូវ​ការ​រីករាយ​យ៉ាង​ខ្លាំង អំពី​​ទំនាក់​ទំនង​​រវា​ង​​​ប្រទេស​ទាំងពីរ ជា​ពិសេស​ការ​លើក​កម្ពស់​ទំនាក់​ទំនង​ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​បង់​ក្លា​​ដែស។​ សម្ដេច​តេជោ បាន​មាន​ប្រសាសន៍​បន្តថា ប្រទេស​យើង​ទាំងពីរ​​គប្បី​ណា​ជំរុញ​ការ​ផ្លាស់​ប្តូរ ដំ​ណើ​​រ​ទស្សន​កិច្ច របស់​ថ្នាក់​ដឹកនាំ និងមន្ត្រីរបស់ប្រទេស​ទាំងពីរ ដើម្បី​ធ្វើ​យ៉ាង​ណា ឱ្យ​មាន​ការ​យល់​ដឹងគ្នា​កាន់​ខ្ពស់ឡើង និង​ទំនាក់​ទំនង​កាន់​តែ​ខ្លាំ​ងឡើង ក្នុង​ន័យស្វែង​រកនូវកិច្ចស​ហ​ប្រ​តិបត្តិកា​រ​ផ្សេងៗ រួម​ទាំង​កិច្ច​សហ​ប្រតិបត្តិការ លើ​វិស័យ​​សេដ្ឋកិច្ច វិនិយោគ និង​ពាណិ​ជ្ជ​ក​ម្ម​​ផងដែរ។

    សម្ដេច​តេជោ បានបន្ដថា កន្លង​មក​សម្ដេច​បាន​ឈ្វេ​ង​យល់​ពីតម្រូវ​​កា​រ​អង្ករ​របស់បង់​ក្លាដែស ហើយ​​មាន​បំណង​ស្វែង​រក​អង្ករ​ពី​កម្ពុជា។ សម្ដេច​តេជោ​ បាន​​បន្ដទៀត​ថា គប្បី​ណា​ស្វែងរ​កវិធីសាស្ត្រ ដើម្បី​អាច​ទិញអង្ករ​ពីកម្ពុជា​បាន​នូវ​តម្លៃ​ដ៏​សម​ស្របមួយ នោះ​​គឺតាម​វិធី​ដែល​អ្ន​ក​វិនិ​យោគ អាច​មក​សង់​ឃ្លាំង សង់ម៉ាស៊ីនកិន​ស្រូវ និងប្រមូល​ទិញ​ស្រូ​វ​ ពីប្រជាជន​ផ្ទាល់តែម្ដង ដើម្បី​ធ្វើកា​រ​កិននាំ​ចេញ ទៅប្រទេស​​បង់ក្លាដែស ដែល​នេះ​តម្លៃ​​អង្ក​រ​​រ​បស់កម្ពុជា អាចមានតម្លៃប្រកួតប្រជែង​ជាមួយ​ប្រទេស​​ផ្សេងទៀតផង។ ក្នុងន័យ​នេះ​ដែរ ភា​គី​ទាំង​ពីរអាច​ស្គាល់ ​និង​ទទួល​បាន​នូវ​សុវត្ថិភាព​ចំណី​​អាហារ ហើយក៏ជំរុញ​ទំនាក់ទំនង និ​ង​​កិច្ច​សហ​ប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​បាន​កាន់​​តែល្អ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង