នគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចាប់ខ្លួនមេការ២នាក់ និង អ្នកពាក់ព័ន្ធមួយចំនួនទៀត ក្នុងហាងមួយកន្លែងដែលមានយីហោឈ្មោះ«សម្រស់ជាយក្រុង» ដើម្បីចាត់ការបន្តតាមនីតិវិធី ករណីលួចបើកខារ៉ាអូខេ បំពានវិធានការរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។

ការបង្ក្រាបករណីលួចបើកសកម្មភាពខារ៉ាអូខេនេះ ធ្វើឡើងនៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដោយមានការដឹកនាំ និងសម្រប សម្រួលពីលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់ នគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ចំណុចផ្លូវវិមានឈ្នះឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ក៏បានឃើញហាងសម្រស់ជាយក្រុង មានការផឹកស៉ី ជួបជុំមនុស្សច្រើន ខុស ពីការណែនាំរបស់ក្រសួងសុខាភិបាល ទើបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ ដែលជាបុគ្គលិកបម្រើការងារក្នុងហាងខាងលើនាំទៅសួរនាំ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៩នាក់ និង ការចុះបង្ក្រាបជាក់ស្តែងបង្ហាញថា មានករណីលួចបើកខារ៉ាអូខេពិតប្រាកដមែន ៕