យោងតាមបញ្ជាដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីពេលថ្មីៗ កន្លងមកនេះ យកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ពាក់ព័ន្ធនឹងករណី កំហែងយកប្រាក់ និងគំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជនជាតិខ្មែរ (ស្រីចំនួន០១នាក់)។
តាមរយ:ការស្រាវជ្រាវ កម្លាំងជំនាញ កំណត់បានថា ជនសង្ស័យបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Zeii Neth ជាមធ្យោបាយទាក់ទងជាមួយជនរងគ្រោះ ដើម្បីគំរាមកំហែងហែកកេរ្តិ៍ និងកំហែងទារប្រាក់ពីជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ នាយកដ្ឋានបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្នពីបទ «គំរាមកំហែងហែកកេរ្តិ៍» ដោយឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១(ព្រៃស ម១) និង មណ្ឌលអប់កែប្រែទី២(ព្រៃស ម២)។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន សូមមេត្តាពិនិត្យ ពិចារណាអោយបានហ្មត់ចត់ មុនសម្រេចចិត្តក្នុងការខ្ចីប្រាក់តាមរយ:អនឡាញ ជាពិសេសសូមពិនិត្យថាតើអ្នកផ្តល់កម្ចីនោះមានស្ថាប័នកម្ចីស្របច្បាប់ដែរឬទេ មុននឹងសម្រេចចិត្តក្នុងការខ្ចី ជៀសវាងទទួលនូវហនិភ័យនានានៅពេលក្រោយ៕











